ការដាក់​ចំណងជើង អត្ថបទ ដំណឹង​ដ៏​ទាក់ទាញ និង​ការចាប់​មុំ​សរសេរ នៃ​រឿង​

ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​បាន​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​លើ​ការផលិត​ព័ត៌មាន​ឱ្យមាន​ភាព​ទាក់ទាញ និង​ចាប់អារម្មណ៍​ពី​មហាជន​លើ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ដែល​ផ្សាយ​ចេញ​ពី​បណ្តាញ​ព័ត៌មាន​រដ្ឋ​។​
​ឯកឧត្តម ពេជ្រ ប៊ុន​រ៉ា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​គ្រូ​បង្គោល​នៃ​វគ្គ​នេះ​មាន​ប្រសាសន៍ថា កម្មវិធី បណ្តុះបណ្តាល ស្តីពី​“​ការដាក់​ចំណងជើង អត្ថបទ ដំណឹង​ដ៏​ទាក់ទាញ និង​ការចាប់​មុំ​សរសេរ នៃ​រឿង​”​នេះ ដើម្បី​បំពេញ​បន្ថែម​ជំនាញ​ដល់​មន្ត្រីរាជការ​នៃ ក្រសួង​ព័ត៌មាន តប​តាម​ការផ្តួចផ្តើម​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​
​ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ ២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​នោះ​
​ឯកឧត្តម​បញ្ជាក់ថា ការសរសេរ​ចំណងជើង អត្ថបទ ដំណឹង​ដ៏​ទាក់ទាញ គឺជា​ការសរសេរ ខ្លី ខ្លឹម មានន័យ​គ្រប់គ្រាន់ បង្ហាញ​ភាព​ចម្លែក ភាព​អស្ចារ្យ អាច​បង្កប់​ចំងល់ អាច​លើក​ជា​សំណូរ អាច​លេង​ពាក្យពេចន៏​ដើម្បី​ឱ្យ​មហាជន ចង់​អាន ចង់​ស្តាប់ ចង់ដឹង ចង់​តាមដាន ។ ក្រៅពីនេះ ការដាក់​ចំណងជើង អត្ថបទ ដំណឹ ដ៏​ទាក់ទាញ​ខ្លះ ធ្វើទៅបាន​ទាល់តែ​រក​ទម្ងន់​បន្ថែម​ឱ្យ​សាច់រឿង​។​
​ចំណែក​ឯ​ការចាប់​មុំ​សរសេរ​អត្ថបទ​ដំណឹង​វិញ គឺ​ធ្វើឡើង​តាមរយៈ​ការសរសេរ​រំលេច​នូវ ខ្លឹម​នៃ​រឿង ឬ​បង្ហាញ ជ្រុង​មួយ​នៃ​បញ្ហា ដែល​មាន​ប្រយោជន៍​ដល់​មនុស្ស​ជា​ទី​ចាប់​អារម្មណ៍​ក្នុង​សង្គម ។ អ្នកសរសេរ ត្រូវ​មាន​ភាព​វៃឆ្លាត​និង​ភ្នែក​មុត នៅក្នុង​ការជ្រើសរើស​មុំ ដើម្បី​សរសេរ ដោយ​យក​ចេញពី​ហេតុការណ៍​ដែល​កើតឡើង ឬ​ព្រឹត្តិការណ៍​ដែល​គេ​រៀបចំឡើង​។ អត្ថបទ​ដែល​សរសេរ​មិន​ចាប់​មុំ គឺជា អត្ថបទ ពិធីការ​។ ប៉ុន្តែ អត្ថបទ ពិធីការ​ខ្លះ មាន​ទម្ងន់​របស់​វា​ស្រាប់​ហើយ​។​
​លោក​ភី សុខ សិក្ខាកាម​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​គាំទ្រ និង​ចាត់ទុកថា នេះ​ជា​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​ទទួលបាន​ការគាំទ្រ និង​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។ លោក​សន្យា​យក​ចំណេះដឹង​នេះ ទៅ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​
​សូមបញ្ជាក់​ថា មន្ត្រី​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ មាន​ចំនួន​២០​នាក់ មកពី​គ្រប់​អគ្គនាយកដ្ឋាន​ទាំង​៥​របស់​ក្រសួង​ព័ត៌មាន ហើយ​ក្នុងនោះ​ក៏​មាន​មកពី​មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង​១​រូប​ផង​ដែរ​៕​

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត​ និង​ លោក​ ចន​ ណារិទ្ធ​ 26 09 2020