សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ព្រៃ នៅ​ស្រុក​កោះ​ញែក សង្ស័យ​ខ្មាន់កាំភ្លើងបាញ់សម្លាប់មន្រ្តីប៉ូលីសស័ក៤ រត់ទៅលាក់ខ្លួន

 ខេត្ត​មណ្ឌល​គី​រី ៖ បើ​តាម​សេចក្តីរាយការណ៍ បានអោយ​ដឹង​ជាបឋម​ថា ចាប់តាំងពី​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ទី​៤ មក​រា ២០២១​នេះ កម្លាំង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មក​ពី​រាជធានី​ភ្នំពេញ កំពុង​តាម​ប្រមាញ់​ចាប់​ជន​ដៃដល់​នៅ​ព្រៃ​មួយ​កន្លែង ករណី​បាញ់​សម្លាប់ មន្ត្រី​ប៉ូលិស​ម្នាក់ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ។

សេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្ត​មណ្ឌល​គី​រី បាន​បន្ត​ថា បើ​តាម​សមត្ថកិច្ច បាន​បញ្ជាក់​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៤ មក​រា​នេះ​ថា ជន​ដៃដល់​បាន​បើករថយន្ត​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខេត្តស្ទឹងត្រែង រតនគីរី ហើយ​ចូល​មក​ដល់​ខេត្ត​មណ្ឌល​គី​រី តាំងពី​វេលា​ម៉ោង​ប្រមាណ​ជា​៨​យប់ ហើយ​ជាប់​បា​រ៉ា​ស់ ត្រឹម​ស្រុក​កោះ​ញែក ជនសង្ស័យ​បាន​បើករថយន្ត បំ​បុក​បា​រ៉ា​ស់​សមត្ថកិច្ច រត់គេច​ចូល​ព្រៃ ។

លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ពេល កម្លាំង​ចម្រុះ​កំពុងធ្វើការ​ឡោម​ព័ទ្ធ​ព្រៃ​នៅ​ស្រុក​កោះ​ញែក ស្រាវជ្រាវ​និង​ឆែកឆេរ​គ្រប់​តំបន់​ដែល​សង្ស័យ យ៉ាងណា​ជនល្មើស​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

សូម​ជម្រាប​ថា បក្សពួក​ខ្មាន់កាំភ្លើង​ម្នាក់​ក្នុង​ចំណោម​០២​នាក់ ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​នគរបាល​ម្នាក់​យ៉ាង​ឃោរឃៅ កាលពី​ស​ប្ដា​ហ៍​មុន​នៅ​រាជធានី​ភ្នំពេញ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៣ និង​២២​រសៀល ថ្ងៃ​ទី​០៣ មក​រា ខណៈ​ដែល​ជន​នេះ​កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ក្បែរ​ផ្នូរខ្មោច ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។

ប្រភព: កោះសន្តិភាព