រដ្ឋបាលខេត្តបាត់ដំបងបន្តដាក់បម្រាមការលក់គ្រឿងស្រវឹងនិងជួបជុំផឹកស៊ី ខណៈចំនួន អ្នកឆ្លងជំងឺកូវីដ១៩ ផ្ទុះកាន់តែខ្លាំង

Phy Sok, [28.07.21 14:17]

ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីផ្ទុះកាន់តែខ្លាំងពុំទាន់មានសញ្ញាថមថយ អាជ្ញាធរខេត្តបាត់ដំបង បានបន្តបម្រាម ការលក់ដូរគ្រឿងស្រវឹង និង ការជួបជុំផឹកស៊ី និង វិធានការបណ្តោះអាសន្នផ្សេងទៀត សំដៅ ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ការបន្តការដាក់បម្រាមនេះ ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបងបានផ្ទុះ កាន់តែខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដែលថ្ងៃខ្លះចំនួនអ្នកឆ្លង ហក់ឡើងជិត២០០ឯណោះ ។

ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង បានបន្តការដាក់បម្រាមបណ្តោះអាសន្ន ដែលចេញផ្សាយលើផេករដ្ឋបាលខេត្តនាថ្ងៃទី ២៨ខែកក្កដានេះ ត្រូវបន្តអនុវត្តន៍ ចាប់ពីថ្ងៃទី ២៦ខែកក្កដា រហូតដល់មានការសម្រេចជាថ្មី ។

ក្រៅពីហាមការលក់ដូរគ្រឿងស្រវឹង និង ជួបជុំផឹកស៊ី រដ្ឋបាលខេត្តបានអោយប្រជាពលរដ្ឋ និង ទីតាំងនានា ត្រូវបន្តការអនុវត្តន៍អោយបានម៉ឺងម៉ាត់នូវវិធានការរបស់សុខាភិបាល ដូចជាការអនុវត្តន៍ វិធានការបីការពារ និង បីកុំ ។

បន្តការផ្អាកជួបជុំមនុស្សច្រើនដូចជាលេងល្បែងកំសាន្តនិងគ្រប់កីឡាដែលមានលក្ខណៈប្រមូលផ្តុំ និង ជៀសវៀងការធ្វើដំណើរចេញក្រៅផ្ទះ រឺ ទៅកន្លែងដែលប្រឈមនិងជំងឺកូវីដ១៩ បើមិនមានការ ចាំបាច់ ជាដើម ។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី ២៨ខែកក្កដា ខេត្តបាត់ដំបងមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងរហូតដល់ ២៨១៧នាក់ហើយ ចំនួននេះជាសះស្បើយ១៦១៨នាក់ ស្លាប់ជាង៣០នាក់ នឹង កំពុសម្រាកព្យាបាលតាមមន្ទីរពេទ្យ ១១៦៩នាក់ ៕ អត្ថបទ ភី សុខ