ខេត្តបាត់ដំបង​កំណត់​យក​ទីតាំង​វិទ្យាល័យ​ព្រះមុនីវង្ស​ត្រៀម​ជាមុន សម្រាប់​ពិគ្រោះ​ត្រួតពិនិត្យ​សុខភាព ដល់ ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត​

​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ថ្នាក់ដឹកនាំ​កងកម្លាំង មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង កំណត់​យក​ទីតាំង​សាលារៀន “​វិទ្យាល័យ​ព្រះមុនីវង្ស​” ដើម្បី​រៀបចំ និង​ត្រៀម​បង្ការ​ទុកជាមុន​ដើម្បី​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត និង​មក​ពិគ្រោះ​ទទួល​ការពិនិត្យ​និង​ការការពារ ដើម្បី​ប្រយុទ្ធប្រឆាំង​ពី​ការ​រាតត្បាត ឆ្លង​ជម្ងឺ​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃ​២៣​មីនា​នេះ​។

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ត្រូវបាន​វេ​ប​សាយ​រដ្ឋបាល​ខេត្តបាត់ដំបង​ដកស្រង់​សម្តី​អោយដឹងថា​ជំហាន​ដំបូង​ក្នុង​ការត្រៀម​បំរុង​នេះ រដ្ឋបាលខេត្ត​បាត់ដំបង បានកំណត់​យក​ផ្នែក​អាគារ​ខាងលិច​ជាប់​របង និង​រៀបចំ​ចំនួន ៥​បន្ទប់ ផ្នែក​ជាន់​ផ្ទាល់​ដី ដើម្បី​ត្រៀម​បំរុង​ទុក​ក្នុង​ការទទួល​ពិគ្រោះ​និង​ផ្តល់​សេវា​ត្រួតពិនិត្យ​ចំពោះ​បងប្អូន​ដែល​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​ពី​ជម្ងឺឆ្លង​( កូ​វីដ​-19) ។​

​ការត្រៀម​ទីតាំង​ខាងលើនេះ ក៏​សម្រាប់ បងប្អូន​ដែល​សង្ស័យថា​មាន​ពាក់ព័ន្ធ​មកពី​តំបន់​ដែល​កំពុងតែ​កើត “​ជម្ងឺឆ្លង​កូ​វីដ​-19 ផងដែរ ដោយ​នៅទីនេះ​មានការ​ថែទាំ​និង​ការផ្តល់សេវា​ពិគ្រោះ​និង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ប្រចាំការ ។​

​ការត្រៀម​ទីតាំង​នេះ​ស្រប​ពេលដែល​ពលរដ្ឋ​ចំណាកស្រុក​កម្ពុជា​បាននាំគ្នា​សម្រុកចូល​ប្រទេស​វិញ ច្រើនជាង​ពាន់​នាក់ បន្ទាប់ពី​ថៃ​ប្រកាស​បិទ​ព្រំដែន​បណ្តោះអាសន្ន ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ខូ​វីដ​១៩​។​

​កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីត​១៩ កើនឡើង​ចំនួន​៨៦​ករណី ខណៈ​ខេត្តបាត់ដំបង មាន​៨​ករណី ក្នុងនោះ​ស្ត្រី​២​ករណី ឆ្លង​ពី​ប្តី​៕

​អត្ថ​ប​ទៈ ភី សុខ​
​រូបភាព រដ្ឋបាលខេត្ត​