ខេត្ត​បាត់ដំបង​នឹងមាន​រៀបចំ​ព្រឹត្តិការ​ជិះ​កង់​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​ទេសចរណ៍​ឡូរី ជើងភ្នំ​បាណន់​

​ព្រឹត្តិការណ៍​ជិះ​កង់ ដ៏​ធំ​មួយ នឹង រៀបចំ​ឡើង​នៅ​ទឹកដី​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​០៨ ខែ សីហា ២០២០ ខាងមុខនេះ ដែល​ធ្វើដំណើរ​មាន​រយៈ​ចម្ងាយ ៤០​គីឡូម៉ែត្រ (​ទាំង​ទៅ​ទាំង​មក​) ទៅកាន់​តំបន់​ទេសចរណ៍​ឡូរី ជើងភ្នំ​បាណន់ ជា​កន្លែង​ដ៏​ទាក់ទាញ​មួយ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង ។​

​លោក កាន ប៊ុន​ថុល ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​និង​សហការ​អន្តរជាតិ នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បានអោយដឹងថា កា​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​អោយ​ប្រជាពលរដ្ឋ​ងាក​មក​ធ្វើ​កីឡា​ប្រភេទ​នេះ​ដើម្បី​សុខភាព និង ដើម្បី​បង្ហាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ពី​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង ព្រមទាំង​ដើម្បី បង្ហាញ​ពី​ការចូលរួម​ការពា​របរិ​ស្ថាន តាមរយៈ​ការងា​កមក​ជិះ​កង់​ដើម្បី កាត់បន្ថយ ការបញ្ចេញ​ផ្សែង​ពុល​ពី​រថយន្ត​ផងដែរ​។​

​លោក​បញ្ជាក់​ថា​កម្មវិធី​ជិះ​កង់​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុម​អ្នកជិះ​កង់ និង បងប្អូន​ទូទៅ​ដែល​មាន​កង់​អាច​ចុះ​ឈ្មោះ​ចូលរួមបាន និង អាច​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម ០១២៥៧៩៨៧៨ /០៩៣៥៧៩៨៧៨ ។​

​ព្រឹត្តិការណ៍ នៃ​ការ​ជិះ​កង់​នេះ ជួបជុំគ្នា​នៅ​ម៉ោង ៥:00 នាទី​ព្រឹក ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២០ នៅមុខ​បរិវេណ​សាលាខេត្ត​បាត់ដំបង (​អាគារ​បូរាណ​) ឆ្ពោះទៅកាន់ តំបន់​ទេសចរណ៍​ឡូរី ជើងភ្នំ​បាណន់ ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ ( ទាំង​ទៅ​ទាំង​មក ) និង មាន​រៀបចំ​អាហារសម្រន់​និង​ភេសជ្ជៈ​ជូន​ផងដែរ ។​

​សូមបញ្ជាក់​ថា​ព្រឹត្តិការណ៍ នេះ ក៏​មាន​ការចូលរួម​ជិះ​កង់ ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ត្រី​ស្ថាប័ន​នានា​ជាមួយ​បងប្អូន​ក្រុម​អ្នក​ជិះ​កង់​ផងដែរ ៕ ដោយ ៖ លោក ភី សុខ​