អាជ្ញាធរខេត្ត​បាត់ដំបង​ចាប់ផ្តើម​សម្អាត​ និង​ រៀបចំ​ទីតាំង បំពាក់​បរិក្ខា​ពេទ្យ ត្រៀម​ទទួល​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​មក​ពិគ្រោះ​ពិនិត្យ កូ​វីដ​១៩

​ថ្នាក់ដឹកនាំ អាជ្ញាធរ​ក្រុង មន្ត្រី និង កម្លាំងប្រដាប់អាវុធ បានរួម​គ្នា សម្អាត​បរិស្ថាន និង រៀបចំ​បន្ទប់ និង ត្រៀម​បំពាក់​បរិក្ខា​ពេទ្យ សម្រាប់​ត្រៀម​ទទួល​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​មក ពិគ្រោះ​ពិនិត្យ​ជំងឺ កូ​វីត​១៩ នៅ​ទីតាំង​ព្រះមុនីវង្ស ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី​២៣​មីនា​នេះ​។​

​ឯកឧត្តម ហឿង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង​មានប្រសាសន៍ថា​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ត្រៀម​រៀបចំ​បន្ទប់​ចំនួន​ប្រាំ សិន ត្រៀម​បង្ការ​ទុកជាមុន​សម្រាប់​ទទួល​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត និង​មក​ពិគ្រោះ​ទទួល​ការពិនិត្យ​និង​ការការពារ ដើម្បី​ប្រយុទ្ធប្រឆាំង​ពី​ការ​រាតត្បាត ឆ្លង​ជម្ងឺ​កូ​វីដ​-១៩ ។​

​នេះ​ជា​វិធានការ​បន្ទាន់​មួយ​តាម​ការណែនាំ​របស់​ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា ដែល​ណែនាំ​អោយ​បណ្តា​ខេត្ត​រាជធានី​ត្រៀម​ទីតាំង​យ៉ាងហោច ​១​កន្លែង​សម្រាប់​ទទួល​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​មក​ពិគ្រោះ​និង​ពិនិត្យ​សុខភាព ដើម្បី​បង្ការ​ការ​រាលដាល​កូ​វីដ​១៩​។​

​ការរៀបចំ​បន្ទាន់​នេះ​ធ្វើឡើង​ក្រោយពី​ ឯកឧត្តម ​ងួន ​រតនៈ​ ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ កំណត់​យក​ទីតាំង​វិទ្យាល័យ​ព្រះមុនីវង្ស ដើម្បី​ធ្វើជា​ទីតាំង​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​មក​ពិនិត្យ​សុខា​ភាព នា​ព្រឹក​ថ្ងៃទី​២៣​មីនា​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​មានប្រសាសន៍​ធា ការត្រៀម​ទីតាំង​ខាងលើនេះ ក៏​សម្រាប់ បងប្អូន​ដែល​សង្ស័យថា​មាន​ពាក់ព័ន្ធ​មកពី​តំបន់​ដែល​កំពុងតែ​កើត “​ជម្ងឺឆ្លង​កូ​វីដ​-19” ផងដែរ ដោយ​នៅទីនេះ​មានការ​ថែទាំ​និង​ការផ្តល់សេវា​ពិគ្រោះ​និង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ប្រចាំការ ។​

​វិធានការ​បន្ទាន់​នេះ ស្រប​ពេលដែល​ពលរដ្ឋ​ចំណាកស្រុក​កម្ពុជា​បាននាំគ្នា​សម្រុកចូល​ប្រទេស​វិញ ច្រើនជាង​ពាន់​នាក់ បន្ទាប់ពី​ថៃ​ប្រកាស​បិទ​ព្រំដែន​បណ្តោះអាសន្ន ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ខូ​វីដ​១៩​។​

​កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីត​១៩ កើនឡើង​ចំនួន​៨៦​ករណី ខណៈ​ខេត្តបាត់ដំបង មាន​៨​ករណី ក្នុងនោះ​ស្ត្រី​២​ករណី ឆ្លង​ពី​ប្តី​៕

​អត្ថ​ប​ទៈ ភី សុខ​