ទោះកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ អាជ្ញាធរខេត្តបាត់ដំបង នៅបន្តសង់អគារសិក្សា នៅតាមមូលដ្ឋានឥតឈប់

ទោះកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ អាជ្ញាធរខេត្តបាត់ដំបង នៅបន្តសង់អគារសិក្សា នៅតាមមូលដ្ឋានឥតឈប់

បាត់ដំបង៖ ខណៈនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងនោះ កំពុងរងការប៉ះពាល់ ដោយសារបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែអាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តសាងសង់អគារសិក្សា នៅតាមមូលដ្ឋាន ដើម្បីឲ្យសិស្សានុសិស្ស មានបន្ទប់រៀនល្អសមរម្យ និងប្រកបដោយផាសុខភាព ។

ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង មាន៣បន្ទប់ ក្នុងសាលាបឋមសិក្សាបោះពោធិ៍ ស្ថិតក្នុងឃុំអូរដំបង១ នៃស្រុកសង្កែ ជាអំណោយរបស់ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អគារសិក្សានេះ នឹងជាសមិទ្ធផលមួយបន្ថែមទៀត សម្រាប់អភិវឌ្ឍវិស័យអប់រំ នៅក្នុងខេត្តបាត់ដំបង ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ។

ឯកឧត្តមបានបន្តថា ទោះបីអគារសិក្សានេះ មិនទាន់បានឆ្លើយតបនឹងតម្រូវការគ្រប់គ្រាន់របស់សាលា ប៉ុន្តែវាក៏នឹងអាចជួយដោះស្រាយបញ្ហាបានមួយកម្រិត ខណៈដែលសាលានេះ នៅមានការខ្វះខាតច្រើន ពាក់ព័ន្ធនឹងអគារសិក្សា ការរៀបចំសណ្ដាប់ធ្នាប់ជាដើម ហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានជួយលើការងារផ្នែកអប់រំនៅបាត់ដំបងនេះ ។

ទន្ទឹមនឹងការទទួលបានសមិទ្ធផលថ្មីនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ខិតខំបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យបានទទួលចំណេះដឹងស្មើគ្នា ហើយចំពោះសិស្សវិញ ក៏ត្រូវខំរៀនសូត្រ ព្រោះរាជរដ្ឋាភិបាលបានប្រឹងប្រែងខ្លាំងណាស់ ក្នុងការពង្រឹងវិស័យអប់រំនេះ ហើយឯកឧត្តមក៏បានអំពាវនាវគ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ បន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការអនាម័យតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ។

លោក វឿន តុងហេង នាយកសាលាបឋមសិក្សាបោះពោធិ៍ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំសាលានេះ មានកំណើនសិស្សចូលរៀនច្រើន ហើយអត្រាការបោះបង់ការសិក្សាក៏មានត្រឹមតិចតួច ដោយការកើនឡើងសិស្សនេះហើយ បានធ្វើឲ្យសាលាខ្វះខាតអគារសិក្សា ខណៈអគារសិក្សាមួយចំនួន កំពុងមានការទ្រុធទ្រោម ។

លោកបានបន្តថា បន្ទាប់ពីមានការខ្វះខាតបន្ទប់សិក្សា បុគ្គលិកអប់រំក្នុងសាលាបានស្នើទៅរដ្ឋបាលខេត្តបាត់ដំបង ក្នុងការជួយសាងសង់អគារសិក្សា ក្រោយពីបានស្នើសុំ អាជ្ញាធរខេត្តក៏បានចាប់ផ្ដើមធ្វើអគារសិក្សាឲ្យ ដែលការផ្ដល់ជូននេះ ធ្វើឲ្យគណៈគ្រប់គ្រង គ្រូបង្រៀន និងសិស្សានុសិស្ស មានការសប្បាយរីករាយយ៉ាងខ្លាំង ។

ជាមួយគ្នានេះ ក្រុមគ្រូបង្រៀននៅសាលាបឋមសិក្សាបោះពោធិ៍ នឹងប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពង្រឹងវិស័យអប់រំនៅកម្ពុជា តាមរយៈការបង្ហាត់បង្រៀន និងពន្យល់សិស្ស ឲ្យបានចេះដឹងនៅថ្នាក់កម្រិតបឋមនេះ ទៅតាមការចង់បានរបស់ថ្នាក់ដឹកនាំជាតិ និងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអាជ្ញាធរខេត្ត ៕