គម្រោង​សាងសង់​ផ្លូវ​កាត់​បាត់ដំបង​-​សៀមរាប​កំពុង​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​

​មន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ពិភាក្សា វាយតម្លៃ​លើ​ផលប៉ះពាល់ លើ​គម្រោង​សាងសង់​ផ្លូវ កាត់​ពី​ខេត្ត​បាត់ដំបង​ឆ្ពោះទៅ​ខេត្តសៀមរាប​។ ការប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី ៥ សីហា នេះ នៅ​សាលាខេត្ត​បាត់ដំបង​។​

​តាម​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​ម៉ៅការ បានឲ្យដឹងថា ផ្លូវ​នេះ​មាន​ប្រវែង ជាង 72 គម ដែល ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ 5 និង ចំណុច​បញ្ចប់ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ 6 ។​

​ផ្លូវ​នេះ​ឆ្លងកាត់​ខេត្ត ចំនួន​៣ មាន ៥ ស្រុក​និង ១០ ឃុំ​។ ខេត្ត​បាត់ដំបង​ឆ្លងកាត់​ស្រុក ថ្មគោល ឯក​ភ្នំ និង​បួន​ឃុំ គឺ​ឃុំ​អូ​តា​គី ពាម​ឯក តាពូង និង​ឃុំ​ព្រៃ​ចាស់ ។​
​ចំណែក​ខេត្តបន្ទាយមានជ័យ​ផ្លូវ​នេះ​រត់​កាត់​ស្រុក ព្រះនេត្រព្រះ និង​ឃុំ​ប្រាសាទ និង ខេត្ត​សៀមរាប​ឆ្លងកាត់​ស្រុក ក្រឡាញ់ ស្រុក​ពួក ព្រម​ទាំង​ឃុំ​សំបូរ ស្រ​ណា​ល ព្រៃ​ជ្រូក មុខ​ប៉ែន និង​ឃុំ​សសរ​ស្តម្ភ​។​

​តាម​បទ​បង្ហាញ ផ្លូវ​នេះ​មាន​ទទឹង ១១ ម៉ែត្រ និង ២៥ ម៉ែត្រ សងខាង​ផ្លូវ ផ្ទៃ​ដី​ប៉ះពាល់ និង​ត្រូវ​គណនា ២៥ ម៉ែត្រ​សងខាង​អ័ក្ស​ផ្លូវ សរុប ៥០ ម៉ែត្រ​។​
​គ្រួសារ​ដែល​រង​ផលប៉ះពាល់ ដោយសារ​គម្រោង នឹង​ត្រូវ​ធ្វើ​អត្តសញ្ញាណ​កម្ម ដោយ​គណៈកម្មាធិការ ដោះស្រាយ​ហេតុ​ប៉ះពាល់ អន្តរក្រសួង (IRC) ហើយ​ការសាងសង់​នេះ​មាន​រយៈពេល ៤០ ខែ ដោយ​ចំណាយ​ទុន​ជាង ២៨៨ លាន​ដុល្លា​អា​មេ​រិច ជា​ហិរិញ្ញប្បទាន សហប្រតិបត្តិការ ជាមួយ​សាធារណរដ្ឋ ប្រជាមានិត​ចិន​។​

​លោក មូល ធន នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង បាន​លើកឡើង​ថា ក្នុង​អង្គប្រជុំ​បាន​ពិភាក្សា យ៉ាង ផុលផុស ដែល​បាន​ឯកភាពគ្នា ១០០% សម្រាប់​ដំណើរការ​នៃ​ការសាងសង់​នេះ តែ​ក៏​មាន​ផលប៉ះពាល់​មួយចំនួន​ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​។​

​លើសពីនេះ លោក​ក៏​បាន​ជម្រុញ​ឲ្យ​ជំនាញ រដ្ឋបាល​ជលផល ទប់ស្កាត់ ការកាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក ជៀសវាង​ការដោះស្រាយ ផលប៉ះពាល់​របស់​គម្រោង​៕

​អត្ថបទ​៖@ ម៉ូត​វ៉ោយ​ហូរ​
​កែសម្រួល​អត្ត​បទ​៖ @chan​