តើបុព្វបុរសខ្មែរសម័យអង្គរគាស់ថ្មពីកន្លែងណាខ្លះ ដើម្បីយកទៅកសាងប្រាសាទ?

Phy Sok, [27.08.21 11:52]

បុព្វបុរសខ្មែរនាសម័យអង្គរបានកសាងប្រាសាទថ្មជាច្រើនសន្ធឹកសន្ធាប់នៅពាសពេញចក្រភពខ្មែរបុរាណ ពិសេសគឺនៅតំបន់អង្គរបច្ចុប្បន្ន ដែលជាមហារាជធានីនៃប្រទេសខ្មែរនាសម័យនោះ ខណៈការកសាងសំណង់ប្រាសាទនីមួយៗ គឺត្រូវចំណាយថ្មភក់ជាច្រើនអនេក។ តើថ្មសិលាដែលប្រើសម្រាប់កសាងប្រាសាទទាំងនោះ ត្រូវបាននាំយកពីតំបន់ណាខ្លះ? ដំបូងឡើយ តំបន់ភ្នំគូលែនត្រូវបានព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សព្វព្រះហឫទ័យជ្រើសរើសជាបរមរាជធានីរបស់ខ្មែរនាដើមសម័យអង្គរ ដែលមានបុព្វនាមហៅថា «មហិន្ទ្របព៌ត»។ ក្រោយមក ព្រះអង្គក៏បានប្ដូររាជធានីយាងទៅកាន់តំបន់ «ហរិហរាល័យ» វិញ គឺនៅតំបន់រលួស នៃស្រុកប្រាសាទបាគង ខេត្តសៀមរាបបច្ចុប្បន្ន។ លុះដល់គ្រិស្តសករាជ ៨៩៣ ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) បានប្ដូររាជធានីយាងទៅកាន់តំបន់អង្គរបច្ចុប្បន្នវិញ ដោយបានបង្កើតរាជធានីថ្មីមួយមានឈ្មោះថា «យសោធរបុរៈ»។

ក្រោមព្រះវត្តមានរបស់ព្រះមហាក្សត្រខ្មែរជាច្រើនអង្គ មហារាជធានីថ្មីនេះបានផ្ដល់ឱ្យយើងឃើញនូវប្រាង្គប្រាសាទបុរាណជាច្រើនសន្ធឹកសន្ធាប់ តួយ៉ាងដូចជាប្រាសាទភ្នំបាខែង ប្រាសាទបាពួន ប្រាសាទតាកែវ ប្រាសាទបន្ទាយស្រី ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្តនៃក្រុងអង្គរធំ រួមទាំងប្រាសាទជាច្រើនផ្សេងទៀត។ ថ្ម គឺជាវត្ថុធាតុដើមដ៏សំខាន់បំផុតក្នុងវិស័យស្ថាបត្យកម្មនាសម័យនោះ ខណៈទីតាំងប្រភពថ្ម គឺនៅឆ្ងាយពីទីតាំងរាជធានីអង្គរ ក្នុងនោះតំបន់ «អូរថ្មដាប់» ក៏ត្រូវបានគេស្គាល់ថាជាកន្លែងយកថ្មដ៏ធំមួយនៅភាគឦសានរាជធានីផងដែរ។ តំបន់អូរថ្មដាប់នេះមានទីតាំងស្ថិតនៅឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបបច្ចុប្បន្ន មានចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រពីតំបន់អង្គរ ពោលគឺស្ថិតនៅចន្លោះជើងភ្នំគូលែនភាគអាគ្នេយ៍ និងភាគពាយព្យប្រាសាទបេងមាលា។ នៅតំបន់នោះ គឺដេរដាសទៅដោយផែនថ្មដ៏ធំល្វឹងល្វើយ លាតសន្ធឹងក្រោមគុម្ពោតព្រៃតូចៗទាបៗ។

លោក ផុន តារា បុគ្គលិកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ថ្មដែលល្អជាងគេ គឺស្ថិតនៅស្រទាប់ខាងលើបង្អស់ ដែលមានសភាពចាស់ មាំ ធន់ ស្ថិតស្ថិរបានយូរ។ ចំណែកឯថ្មលេខ២ និងលេខ៣ គឺស្ថិតនៅស្រទាប់កណ្ដាល និងស្រទាប់ក្រោម ដែលឆាប់ពុកប្រេះបាក់បែកលឿនជាងថ្មលេខ១។ យើងអាចឃើញជាក់ស្ដែង៖ ថ្មដែលយកទៅកសាងប្រាសាទតាកែវ ប្រាសាទបន្ទាយស្រី ប្រាសាទអង្គរវត្ត ប្រាសាទបេងមាលាជាដើមនោះ គឺសុទ្ធសឹងជាថ្មលេខមួយ ដែលមានសណ្ឋានធំៗ ល្អ និងមានសភាពមាំទាំបានយូរ។ ចំណែកប្រាសាទបាយ័ន្ត ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ គឺភាគច្រើនជាថ្មលេខ២ ដែលមានសណ្ឋានតូចៗជាង ហើយមិនសូវមាំទាំបានយូរដូចថ្មប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី (ថ្មពណ៌ស៉ីជម្ពូ)។

 

 

លោក ផុន តារា បានបន្តថា មធ្យោបាយដឹកជញ្ជូនថ្មពីតំបន់អូរថ្មដាប់យកទៅកសាងប្រាសាទនៅតំបន់អង្គរ គឺបុព្វបុរសខ្មែរនិយមប្រើមធ្យោបាយតាមផ្លូវទឹកជាងផ្លូវគោក។ នៅពេលគេជីកគាស់ថ្មពីតំបន់ថ្មដាប់បានហើយ គេបានបណ្ដែតថ្មលើក្បូនតាមព្រែកស្រមោចចុះទៅកាន់បឹងទន្លេសាប ហើយចេញពីបឹងទន្លេសាបឡើងទៅតាមស្ទឹងសៀមរាប បន្តទៅដល់តំបន់អង្គរបច្ចុប្បន្ន។ ថ្វីដ្បិតតាមផ្លូវទឹកនេះចំណាយពេលយូរ ប៉ុន្តែវាបានជួយសម្រាលកម្លាំងដឹកជញ្ជូនបានច្រើនជាងផ្លូវគោក។ លោក តារា បានបញ្ជាក់ទៀតថា ដោយសារពេលវេលាកន្លងទៅអស់ពេលរាប់រយឆ្នាំ ទីតាំងអូរថ្មដាប់ត្រូវបានបំភ្លេចចោល លែងមានអ្នកដឹង ប៉ុន្តែរហូតមកដល់សម័យអាណានិគមបារាំង ទើបមានគេរកឃើញតំបន់នេះឡើងវិញ ហើយចាប់ពីពេលនោះមក គេក៏បានកាត់ថ្មពីតំបន់អូរថ្មដាប់ដដែលនេះ យកទៅជួសជុលប្រាសាទនានារហូតមកដល់បច្ចុប្បន្ន ប៉ុន្តែគ្រាន់តែជីកយកពីផែនថ្មថ្មីៗ មិនប៉ះពាល់ស្នាដៃចាស់របស់បុព្វបុរសនោះឡើយ៕

ប្រភពអត្ថបទ៖ Fresh News