នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានដាក់កម្លាំងជួយបេះផ្លែមានកសិករខណៈចុះ ប្រមូលទិញដល់ចំការ

Phy Sok, [20.08.21 10:16]

ដើម្បីបង្កការងាយស្រួលដល់ម្ចាស់ចំការ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះបញ្ជាទិញផ្លែមៀនពីប្រជាកសិករដល់ទីតាំងចំការផ្ទាល់ និងបានបញ្ជាឲ្យកម្លាំងយោធាជួយបេះផ្លែមៀនពីចំការរបស់ប្រជាពលរដ្ឋថែមទៀតផង។


ការចុះប្រមូលទិញផ្លែមានដល់ចំការផ្ទាល់នេះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងប្រមូលទិញផ្លែមៀនពីប្រជាកសិករក្រីក្ររដែលដាំមៀនដោយផ្ទាល់ហើយមិនអាចរកទីផ្សារលក់បានតែប៉ុណ្ណោះ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិល ទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
ក្នុងការប្រមូលទិញដល់ចំការនិងថែមទាំងជួយបេះទៀតនេះ ម្ចាស់ចំការអាចលក់បានតម្លៃ១៨០០រៀល ក្នុងមួយគីឡូ ទៅតាមការព្រមព្រៀងគ្នា ។


ក្នុងឱកាសចុះប្រមូលទិញផ្លែមៀនពីប្រជាកសិករនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍បញ្ជាក់ហើយបញ្ជាក់ទៀតថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ការចុះប្រមូលទិញផ្លែមៀននេះ គឺនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងបងប្អូនដែលកំពុងធ្វើចត្តាឡីស័កដោយមិនគិតថ្លៃ និងដើម្បីជួយរំលែកកុំឲ្យបងប្អូនប្រជាកសិករខាតបង់ច្រើនពេក ហើយចុះការប្រមូលទិញនេះមិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត។


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា តាមការគ្រោងទុករបស់
ក្រុមការងារចុះមក ប្រមូល ទិញ កសិផលផ្លែមៀន ឬតាង៉ែន ពីប្រជាកសិករដល់ទីតាំងម្ចាស់ចំការផ្ទាល់នេះ ធ្វើឡើងនៅតាមបណ្ដាស្រុកចំនួន៦ រួមមាន៖ស្រុករតនៈមណ្ឌល សំឡូត បាណន់ ភ្នំព្រឹក សំពៅលូន និងស្រុកកំរៀង ដោយក្នុងស្រុកនីមួយៗជាជំហានដំបូង គឹប្រមូលក្នុងមួយស្រុកៗចំនួន១០តោន។


ជាមួយគ្នានោះ ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ម្ចាស់ចំការដែលមានផ្លែមៀនលក់ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរស្រុករៀងៗខ្លួន ដើម្បីងាយស្រួលដល់ក្រុមការងារចុះប្រមូលទិញតាមទីតាំងចំការជាក់ស្ដែង។
សូមរំលឹកថា ដើម្បីសម្រាលទុក្ខលំបាក និងការខាតបង់ធ្ងន់ធ្ងររបស់ប្រជាកសិករដែលមានចំការមាន ហើយរកទីផ្សារមិនបានខណៈភាគីថៃ មិនអោយនាំចូលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់តាំង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឲ្យចុះប្រមូលទិញផ្លែមៀន ឬតាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃពីប្រជាពលរដ្ឋដែលម្ចាស់ចំការដែលកំពុងប្រឈមទាំងនេះ ៕ អត្ថបទ ភី សុខ