អាជ្ញាធរខេត្តបាត់ដំបងចាប់ផ្តើមអនុវត្តន៍បម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់៣ទៀបភ្លឺ

Phy Sok, [05.08.21 09:59]

អាជ្ញាធរខេត្ត បាត់ដំបង បានចាប់ផ្ដើមអនុវត្តន៍បម្រាមគោចរចាប់ពីយប់ថ្ងៃទី៤ ខែ សីហា តទៅហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ខណៈតួលេខអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃក្នុងខេត្តនៅតែមានចំនួនខ្ពស់នៅឡើយ។

ក្នុងឱកាសដឹកនាំអាជ្ញាធរ និងកងកម្លាំងចុះអនុវត្តន៍បម្រាមគោចរកាលពីយប់មិញ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងថ្លែងថា ការអនុវត្តន៍បម្រាមគោចរនេះ គឺដើម្បីចូលរួមកាត់បន្ថយការការរីករាលដាលជំងឺកូវីដ១៩ ព្រោះក្នុងមួយរយៈពេលចុងក្រោយនេះអត្រានៃអ្នកឆ្លងជំងឺនេះក្នុងខេត្តបាត់ដំបងនៅមានចំនួនច្រើនគួរឲ្យព្រួយបារម្ភ។

ជាមួយគ្នានោះ លោកអភិបាលក្រុង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងយុវជនសូមចូលរួមអនុវត្តន៍បម្រាមគោចរនេះឲ្យបានគ្រប់ៗគ្នា បើមិនស្ដាប់តាមនោះទេ អាជ្ញាធរនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

សូមរំលឹឹកថា រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចដាក់ចេញវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

សេចក្ដីសម្រេចនេះ បញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម នៅចន្លោះម៉ោង៩យប់រហូតដល់ម៉ោង៣ ទៀបភ្លឺ។ ក្នុងករណីរកឃើញថា បុគ្គល ឬនីតិបុគ្គលទាំងឡាយដែលបំពានវិធានការនេះត្រូវអនុវត្តន៍ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។

សូមជម្រាបថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣ ៨២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២ ២៣១នាក់ កំពុងសម្រាកព្យាបាលចំនួន ១ ៥៤៥នាក់ និងស្លាប់៤៥នាក់៕ភី សុខ