ការទទួលមរណភាព ដោយជំងឺកូវិត 19 របស់វេជ្ជបណ្ឌិត ស្ដើងជា គឺជាការបាត់បង់ អ្នកមាន គុណូបក្ការ: នៃចលនាអូឡាំពិក

លោកវេជ្ជបណ្ឌិត ស្តើងជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា អមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា NOCC បានទទួលមរណភាពហើយ ក្នុងវ័យ 75 ឆ្នាំ នៅព្រឹកថ្ងៃទី 22 ខែមីនានេះ ដោយជំងឺកូវិត 19 ហើយថ្នាក់ដឹកនាំ NOCC បានចាត់ទុកថា នេះគឺជាការបាត់បង់ សកម្មជន និងអ្នកមានគុណូបក្ការ: នៃចលនាអូឡាំពិកផងដែរ។

លោកជំទាវ យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត ស្តើងជា ដែលទទួលមរណៈភាពនេះ គឺបានចូលទៅសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត កាលពីព្រឹកថ្ងៃទី 21 ខែមីនា ក្នុងសភាពហត់ខ្លាំងហើយ បានតេស្តរកឃើញវិជ្ជមាន គូជីវិត 19 កាលពីវេលាម៉ោង 9:00 យប់ ថ្ងៃទី 21 ខែមីនាឆ្នាំ 2021 នេះ។ លោកមានអាការហត់ និងពិបាកដកដង្ហើម វិវឌ្ឍន៍រហ័ស រិយៈ 3 ទៅ 4 ថ្ងៃ ហើយមានជំងឺប្រចាំកាយ លើសឈាមរលាកសួត ធ្ងន់ធ្ងរ ខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំងរហូត ដល់ប្រើម៉ាស៊ីន ជំនួយដង្ហើម ប៉ុន្តែមិនអាចជួយសង្គ្រោះបាន។ នៅថ្ងៃទី 22 ខែមីនានេះ ឯកឧត្តមបណ្ឌិតថោងខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិចកម្ពុជា NOCC បានថ្លែងសាររំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ដែលក្នុងនាមគណៈកម្មាធិការជាតិ អូឡាំពិចកម្ពុជា សមាជិកប្រតិបត្តិ ព្រមទាំងក្រុមគ្រួសារ កីឡាករទាំងអស់ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ដែលលោកវេជ្ជបណ្ឌិត ស្តើងជា បានចូលមរណៈភាព។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាការបាត់បង់ សកម្មជន និងអ្នកមានគុណូបការៈ ចំពោះចលនាអូឡាំពិក នាពេលនេះ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺកូវិត 19 ចំនួន 4 នាក់ហើយ ដែលបានបាត់បង់ជីវិត ដោយជំងឺកូវិត 19 នេះ៕ប្រភព AKP