ថវិកាជាង ៣រយលានដុល្លា ដែលជាថវិការាជរដ្ឋាភិបាល និងបរទេសឧបត្ថមប្រើប្រាស់សម្អាតមីនបានដីប្រមាណ ២ ២០០គីឡូម៉ែត្រក្រឡា

បាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១៨០លានដុល្លា និងមានការឧបត្ថមពីបរទេសជាង ២រយលានដុល្លា ដើម្បីបោះសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្រ្គាម ខណៈកន្លងមកទល់នឹងបច្ចុប្បន្ននេះកម្ពុជាបានបោះសម្អាតរំដោះផ្ទៃដីបានប្រមាណ ២ ២០០គីឡូម៉ែត្រក្រឡា ។
ក្នុងឱកាសជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំងប្រតិបត្ដិការជួរមុខ នៃកងឯកភាពបោសសម្អាតមីនទី២ នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោខេត្ដបាត់ដំបងនាថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២១ នៅក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្ដបាត់ដំបង ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានមានប្រសាសន៍ថា បំណងប្រាថ្នារបស់រាជរដ្ឋាភិបាលគឺបានបោះសម្អាតកាកសំណល់ជាតិផ្ទុះយកដីប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់បង្ករបង្កើនផល ទៅតាមតម្រូវការ ។ឯកឧត្ដមបន្តថា «រាជរដ្ឋាភិបាលកម្ពុជា បានចំនាយថវិកាជាង ១៨០ ០០០ ០០០ដុល្លា ដើម្បីផ្ដល់ជូនសម្រាប់បោះសម្អាតគ្រឿងយុទ្ធភណ្ឌ កាកសំណល់មិនទាន់ផ្ទុះសល់ពីសង្គ្រាម ហើយក៏មានការឧបត្ថមពីបរទេសនូវថវិកាជាង ២០០ ០០០ ០០០ដុល្លាផងដែរ»។


ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនោះថវិកាជាង ៣០០ ០០០ ០០០ដុល្លាដែលទទួលបាន ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្ដិការបោសសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាកសំណល់ពីសង្គ្រាមបានចំនួនដីទូទាំងប្រទេសកម្ពុជាប្រមាណ ២ ២០០គីឡូម៉ែត្រក្រឡា ខណៈកម្ពុជានៅសល់ដីប្រមាណជាង ២ ០០០គីឡូម៉ែត្រក្រឡាដែលមិនទាន់បានសំអាតមីនដែលក្នុងនោះមានគ្រាប់មីន ៨០០គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៧០០គីឡូម៉ែត្រក្រឡា និងប្រភេទផ្សេងៗទៀតជាកាកសំណល់សល់ពីសង្គ្រាម ហើយសំរាប់ថវិកាសំរាប់បោសសម្អាតមីនកម្ពុជាត្រូវការប្រមាណ ៣០០ ០០០ ០០០ដុល្លាបន្ថែមទៀតផងដែរ។
ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ប្រទេសដែលជាម្ចាស់ជំនួយក្នុងនោះមានប្រទេសអូស្រ្ដាលី UNDPដែលបានចុះមកទស្សនៈផ្ទាល់ រួមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសអង្គការ CMAC ដែលជាប្រតិបត្ដិករដ៏ឆ្នើមមានបទពិសោធន៍ខ្ពស់មិនមែនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺទូទាំងពិភពលោកតែម្ដង ។


ក្នុងឱកាសនេះផងដែរលោក សុខ លូ អភិបាលខេត្ដបាត់ដំបងក៏បានថ្លែងថា «ក្នុងនាមជាអាជ្ញាធរមូលដ្ឋានខេត្ដ នឹងប្ដេជ្ញាចូលរួមសហការជាមួយអង្គការ CMAC ដែលជាប្រតិបត្ដិករសម្អាតមីនដ៏សំខាន់ នូវគ្រប់ពេលវេលា គ្រប់អ្វីដែលអាចសហការបាន» ។ លោកអភិបាលខេត្ដក៏បានថ្លែងអំណរគុណទៅកាន់ប្រទេសដែលជាម្ចាស់ជំនួយឧបត្ថមមកកាន់ប្រទេសកម្ពុជានូវថវិកាដើម្បីបោះសម្អាតមីន ដូចជាប្រទេសអូស្រ្ដាលី UNDP និងប្រទេសជាច្រើនទៀតផងដែរ។

 


លោកអភិបាលខេត្ដក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋថា បើសិនជាបានទៅកាន់តំបន់ណាដែលមិនច្បាស់លាស់ តំបន់ដែល CMAC ដាក់ជាតំបន់ហានីភ័យ សូមមេត្តាកុំចូលទៅកាន់តំបន់នោះព្រោះនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ បើសិនជាបានឃើញ ឬជួបតំបន់ណាដែលមានការសង្ស័យសូមឱ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរឃុំ ស្រុក ខេត្ដ ដើម្បីសហការរាយការណ៍បន្តទៅកាន់ CMAC ឱ្យចុះមកសម្អាតយកដីប្រើប្រាស់តាមតម្រូវការផងដែរ៕បាន ធារ៉ា