ព្រៃលិចទឹកប្រមាណ៣០ហិចតា នៅភូមិបាក់រទេះ ត្រូវក្រុមទុច្ចរិតកាប់បំផ្លាញ

Phy Sok, [02.08.21 14:10]

មន្រ្តីសហគមអោយដឹងថាដីព្រៃលិចទឹកនៅចំណុចផ្លូវចូលបឹងបែកឆ្នាំង ស្ថិតនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានក្រុមទុច្ចរិតមិនស្គាល់មុខ បានកាប់រុករាន ថ្មីៗអស់ប្រហែល៣០ហិចតា ដើម្បីធ្វើកម្មសិទ្ធ រឺ លក់បន្ត ។

លោក ភី ហឿត ប្រធានសហគមន៍ស្តីក្រោមរហាលសួង បានអោយដឹងនាព្រឹកថ្ងៃទី២សីហា ខណៈលោកដឹកនាំមន្រ្តីសហគមន៍ចុះពិនិត្យនិងស្រាវជ្រាវ ដីព្រៃក្នុងសហគមបានអោយដឹងថាក្រុមជនមិនស្គាល់មុខបានមកកាប់រានដីព្រៃលិចទឹកនៅចំណុចខាងលើនេះក្នុងចន្លោះពាក់កណ្តាលខែកក្កដា និង ចុងខែកក្កដា ឆ្នាំ២០២១នេះប៉ុណ្ណោះ ដោយឃើញមែកឈើដែលកាប់រលំនៅខៀវនៅឡើយ។

លោកបញ្ជាក់ថាចំណុចដែលជនមិនស្គាល់មុខកាប់រុករានព្រៃរនាមនេះ នៅចំណុចខាងត្បូងឈាងខាង កើត បឹងបែកឆ្នាំង ចំនួនប្រហែល១០ហិចតា និង ខាងជើងបឹងបែកឆ្នាំ ប្រហែល២០ហិចតា ។

លោក ហោ សំអាតអនុប្រធានសហគមន៍រហាលសួង ឃុំព្រែកហ្លួងបានអោយដឹងបន្ថែមថា ព្រៃលិចទឹកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមស្តីក្រោមសហគមន៍គ្រប់គ្រងតាំងបីឆ្នាំ២០១១ មកមាន១៣៩០ហិចតា ដែលចំនួននេះមានព្រៃប្រមាណ៦៥ភាគរយ ។

លោកបញ្ជាក់ថាបច្ចុប្បន្ននេះព្រៃលិចទឹក៦៥ភាគរយនេះ ខ្លះត្រូវភ្លើងព្រៃឆេះ និង ខ្លះត្រូវបាន អ្នកភូមិនាំគ្នា ទៅកាប់រុករានធ្វើស្រែ និង លក់បន្ត នៅសល់តែ២០ភាគរយប៉ុណ្ណោះ។

មន្រ្តីសហគមខាងលើបានបញ្ជាក់ថាប្រជាពលរដ្ឋនៅភូមិបាក់រទេះប្រមាណ៧០ភាគរយហើយដែលទៅកាប់រុករានព្រៃលិចទឹកខាងលើដើម្បីធ្វើស្រែ ហើយខ្លះកាប់ហើយលក់ និង បន្តកាប់ទៀត ក្រៅពីនោះ ក៏មានប្រជាជននៅភូមិរហាលសួងខ្លះទៅកាប់រុករានផងដែរ។

មន្រ្តីសហគមន៍បញ្ជាក់ថាកន្លងមកសហគម អាជ្ញាធរ មន្រ្តីជលផល ធ្លាប់ហៅក្រុមអ្នកកាប់រុ ករានព្រៃលិចទឹកនេះមកធ្វើកិច្ចសន្យា ជាច្រើនដង និង រហូតដល់បញ្ជូនសំណុំរឿងទៅតុលាការទៀត នៅតែមិនរាងចាល ។មិនរាងចាលដោយសារឃើញតែតុលាការកោះហៅទៅសួរនាំ ក្រោយមកឃើញជន ល្មើសនោះ ចេញមកវិញ កាប់រុករានដដែល មិនដឹងថាមូលហេតុអ្វី ?

លោក ភី ហឿត បន្ថែមថា ដោយសារតែការធ្វើកិច្ចសន្យា និង គ្មានការអនុវត្តន៍ច្បាប់លើជនល្មើសនេះ ធ្វើអោយអ្នកភូមិផ្សេងទៀត មិនខ្លាច និង មើលបំណាំគ្នា ហើយនាំគ្នា មកបន្តកាប់រុករានពពាក់ពពូន ដោយមិនខ្លាចរអារ អាជ្ញាធរ មន្រ្តីជំនាញ និង សហគមឡើយ ។

មន្រ្តីសហគមន៍បានប្រទះឃើញការរុករានដីព្រៃរនាមថ្មីៗខាងលើនេះ ខណៈដែលអាជ្ញាធរឃុំមន្រ្តី ភូមិបាលស្រុក មន្រ្តីជលរដ្ឋ និងសហគមន៍នេសាទ ស្តីក្រោមរហាលសួង បានចុះចុចGPS វាស់វែងទំហ៊ំ នៃការបាត់បង់ ព្រៃលិចទឹក នៅចំណុចតំបន់បី នាព្រឹកថ្ងៃទី០២ខែសីហា។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអោយដឹងថាចាប់ពីឆ្នាំ២០១៩មក មន្រ្តីជលផលបានបញ្ជូនករណីកាប់រុករានព្រៃលិចទឹក ទៅកាន់តុលាការជិត៣០ករណី ដោយឡែកឆ្នាំ ២០២១ មានជាង១០ករណី ។លោកនាយខ័ណ្ឌទទួលស្គាល់ថាកន្លងទៅការដាក់ ទោសទ័ណ្ឌរបស់ តុលាការលើជនល្មើសដែលកាប់រុករានព្រៃលិចទឹកនៅធូរស្រាល ហាក់មិនមានភាព ធ្ងន់ធ្ងរនៅឡើយ ដែលធ្វើអោយជនល្មើសមិនរាងចាល ។ ទោះបីយ៉ាងណាលោកបញ្ជាក់ថា ថ្មីៗនេះក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខេត្ត ឯកឧត្តមអភិបាលខេត្តបាន ជម្រុញអោយតុលាការ ពង្រឹងការដាក់ទោស ទ័ណ្ឌចំពោះជនល្មើសដែលកាប់ព្រៃលិចទឹក អោយបាន ធ្ងន់ធ្ងរ និង ជម្រុញអោយមន្រ្តី អាជ្ញាធរពាក់ព័ន្ធ ពង្រឹងការទប់ស្កាត់ការរុករានទន្រ្ទានព្រៃលិចទឹក នៅភូមិសាស្រ្តខេត្តបាត់ដំបងអោយមានប្រសិទ្ធភាព៕ អត្ថបទ ភី សុខ