រាជរដ្ឋាភិបាល បានកសាងសមិទ្ធិផល ជាច្រើនដើម្បីឆ្លើយតប និងគ្រោះមហន្តរាយ


សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹង កាលពីថ្ងៃទី ១៣ ខែតុលា កន្លងទៅនេះថា រាជរដ្ឋាភិបាល បានកសាងសមិទ្ធិផល ជាច្រើនដើម្បីឆ្លើយតប គ្រោះមហន្តរាយ ក្នុងគោលដៅធានាសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ។

តាមសារលិខិត ក្នុងឱកាសទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី ១៣ ខែតុលា កន្លងទៅនេះ សម្ដេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានត្រៀមបង្ការ និងការកាត់បន្ថយ គ្រោះមហន្តរាយ ជាច្រើនតាមរយៈ ការពង្រឹងការគ្រប់គ្រង ធនធានទឹក ការស្ដារនិងកសាង រចនាសម្ព័ន្ធស្រោចស្រព អាងស្តុកទឹក ប្រឡាយសំណង់ ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់។ ពង្រឹងយន្តការ ការតាមដាន ព្យាករណ៍ និងផ្សព្វផ្សាយព័ត៌មាន ជលសាស្រ្តនិងឧតុនិយម ឲ្យកាន់តែមានសុក្រឹត្យភាព និងទាន់ពេលវេលា ដើម្បីកាត់បន្ថយនូវ គ្រោះមហន្តរាយ ដែលបណ្ដាលមក ពីទឹកជំនន់ រាំងស្ងួត។

ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីបង្កើនផលិតភាព ស្រូវ ដំណាំផ្សេងៗ ការប្រើប្រាស់ពូជ ដែលមានគុណភាព អាចធន់នឹងការប្រែប្រួលអាកាសធាតុ។ ធ្វើការស្ដារនិងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពង្រឹងការគ្រប់គ្រង បរិស្ថាន គ្រប់គ្រងសំរាម សំណល់រឹង សំដៅថែរក្សាគុណភាព នឹងកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងបន្តអភិវឌ្ឍ វិស័យសុខាភិបាល កាត់បន្ថយការឈឺ និងស្លាប់ ដោយសារជំងឺ ឆ្លងឲ្យកាន់តែប្រសើរឡើង។ សម្ដេចបានបញ្ជាក់ទៀត មណ្ឌលសុខភាព សាលារៀន អាគារសាធារណៈ ក៏ត្រូវបានសាងសង់ ខ្ពស់ពីទឹកជំនន់ ហើយក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ រាជរដ្ឋាភិបាល បានផ្ដោតសំខាន់ទៅលើ ការគាំពារ ដល់ប្រជាពលរដ្ឋ ក្នុងពេលនិងក្រោយ គ្រោះមហន្តរាយ តាមរយៈយន្តការ របស់អ្នកកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ រាជធានីខេត្ត ក្រុងស្រុក ឃុំសង្កាត់ ដោយមានកិច្ចសហការ ពីកាកបាទក្រហមកម្ពុជា ចលនាយុវជន និងគ្រប់តួអង្គពាក់ព័ន្ធ ពិសេសតួអង្គសំខាន់ នោះគឺ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ ដែលបានបំពេញ កាតព្វកិច្ចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ក្នុងការស្រោចស្រង់ អាយុជីវិតប្រជាពលរដ្ឋ នៅពេលមានវិបត្តិ គ្រោះមហន្តរាយ កើតឡើងផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា