ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធ​អេឡិច​​​​​ត្រូនិក​ ​រវាងក្រសួងព័ត៌មាននិងកកកួងអប់រំចាប់ផ្តើមបើកកិច្ចប្រជុំលើកទី១

កិច្ចប្រជុំ​លើក​ទី ១ របស់​ក្រុម​ការងារ​ផលិត និង​ផ្សាយ​កម្មវិធី សិក្សា​ពី​ចម្ងាយ និង​ការ សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពិនិត្យ​ការងារ និង​ពិភាក្សា​ការងារ និង​ការអនុវត្ត​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​

​ក្រុម​ការងារ​បច្ចេកទេស ផលិត និង​ផ្សាយ​កម្មវិធី សិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម ប្រព័ន្ធ​អេឡិចត្រូនិក គឺ​ភាគី​ក្រសួង ព័ត៌មាន ដឹកនាំ​ដោយ ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ខាង​ភាគី ក្រសួង​អប់រំ​យុវជន និង​កីឡា ដឹកនាំ ដោយ​លោក​ជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ ជា​ជំ​ហ៊ាន​ដំបូង ក្រសួង អប់រំ ជា​អ្នក​ផលិត​រាល់​មុខវិជ្ជា​កម្មវិធី​បង្រៀន ហើយ​យកមក ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​App ក្រសួង ព័ត៌មាន ។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ក្នុង​ដំណាក់កាល​ដែល មាន​ការបិទ​សាលារៀន​នៅ​ទូទាំង​ប្រទេស ដោយសារ​ការព្រួយបារម្ភ​ពី​ការឆ្លង​នៃ​មេ​រោគកូ​វីដ​-១៩ ហើយ​សិស្សានុសិស្ស មិន​បាន​មក​រៀន​នៅ​សាលា​នោះ ក្រសួង ព័ត៌មាន សហការ​ជាមួយ ក្រសួង អប់រំ យុវជន និង​កីឡា បានរៀបចំ​ជា​កម្មវិធី បង្រៀន​ពី​ចម្ងាយ E-LEARNING DISTANCE LEARNING នូវ​ចំណេះដឹង​ទូទៅ សម្រាប់​កុមារ​តូច រហូត​ដល់​ធំ តាមរយៈ​ការចាក់ផ្សាយ តាម​ប្រព័ន្ធ Internet App ក្រសួង​ព័ត៌មាន តាមរយៈ​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយរណប​តេជោ ឌី​ធី​វី ប៉ុស្តិ៍ TVK 2 ដែល​អាច​ឱ្យ​សិស្សានុសិស្ស​បើក​មើល​បាន​ដោយ​ឥតគិតថ្លៃ ហើយ​ជា​ជំ​ហ៊ាន​ទៅមុខទៀត ក៏​គ្រោង​ទៅ​ស្ថានីយទូរទស្សន៍​ខ្សែកាប នៅ​រាជ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​របស់ មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង ព័ត៌មាន បាន​លើកឡើង​ថា កិច្ចប្រជុំ​លើក​ទី ១ នេះ​ឡើង​ស្រប​តាម​អនុស្សរណៈ​នៃ ការ​យោគ យល់​រវាង ក្រសួង អប់រំ យុវជន និង​កីឡា និង​ក្រសួង​ព័ត៌មាន​ស្តីពី​ការរៀបចំ​ផលិត និង ផ្សព្វផ្សាយ កម្មវិធី​« ការសិក្សា​ពី​ចម្ងាយ Distance Learning» និង «​ការសិក្សា​តាម​ប្រព័ន្ធ អេឡិចត្រូនិក E-Learning» លើ​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុជា និង App ក្រសួង​ព័ត៌មាន ត្រូវបាន​ធ្វើ​ពិធី ចុះហត្ថលេខា​ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា​។ ដូច្នេះ កិច្ចប្រជុំ​នា​ព្រឹក​នេះ គឺ​ធ្វើ​ការពិភាក្សា​ឈាន​ទៅ​ធ្វើ​ការឯកភាព​គ្នា សម្រេច​ចាក់ផ្សាយ​កម្មវិធី​រៀន​ពី​ចម្ងាយ និង​ការសិក្សា តាម ប្រព័ន្ធ​អេឡិចត្រូនិក តាមរយៈ​ការចាក់ផ្សាយ​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា TVK 2 ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ទូរទស្សន៍ Satellite តេ​ជោ DTV និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ បែប ទំនើប App ក្រសួង​ព័ត៌មាន ដោយ​កំណត់​យក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២០ ជា​ថ្ងៃ​ដំបូង នៃ ការចាក់ផ្សាយ ចាប់ពី​ម៉ោង ៦ ព្រឹក ដល់​១០​យប់ និង​មាន​ការចាក់ផ្សាយ​ឡើងវិញ រហូតដល់ ព្រឹក​វិញ គឺ ២៤ ម៉ោង ជា​រៀងរាល់ថ្ងៃ​។​

​សម្រាប់​កម្ម​វិធិ​សិក្សា​ដែល​គ្រោង​ធ្វើ​ការចាក់ផ្សាយ មាន​ការបង្រៀន​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី​១២ ។​ឯកឧត្ដម បាន ភុ​ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គ្រប់គ្រង ក្រុមហ៊ុន​ទូរទស្សន៍ Satellite តេ​ជោ DTV ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ពី​កិច្ចសហការ​ជាមួយ ក្រសួង​ព័ត៌មាន​កម្ពុជា ក្នុង​ការបង្រៀន​ពី​ចម្ងាយ E-Learning តាមរយៈ​ការផ្សាយ​ផ្ទាល់​តាម ទូរទស្សន៍ តេ​ជោ DTV ដែល​ពេល​នេះ​ខាង ក្រុមហ៊ុន​បាន​ត្រៀម​រួចរាល់​អស់ហើយ ក្នុងការ ជួយ​លើ​ផ្នែក​បច្ចេកទេស ការផ្សាយ តាម​រលកធាតុអាកាស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។​

​ឯកឧត្ដម​បាន​បន្ដថា កិច្ចការងារ​នេះ ក្រុមហ៊ុន​ធ្លាប់​បាន​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​កាល ពី​ជាង ១០ ឆ្នាំមុន ហើយ​ទទួលបាន​ជោគជ័យ​។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏​បាន​ធ្វើ​កិច្ច​សហការ​ជាមួយ ក្រុមការងារ App ក្រសួង​ព័ត៌មាន ដើម្បី​ផ្សាយ​ការបង្រៀន​ពី​ចម្ងាយ ហើយ​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដោយសារ​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍ Satellite តេ​ជោ DTV ចំនួន​ប្រមាណ ៨ សែន​គ្រឿង បើ​គិត​អ្នក​ដែល​ទស្សនា​វិញ​គឺ​មាន ប្រមាណ ជិត ៣ លាន​នាក់​៕

​ប្រភព ក្រសួង​ព័ត៌មាន​