រដ្ឋបាលខេត្តបាត់ដំបង បានទទួលអំណោយ មនុស្សធម៌ ពីស្ថានទូត នៃព្រះរាជាណាចក្រថៃ

Mot Voyho, [27.07.21 09:08]

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញ ជួបសំដែងការគួរសម លោកទីប្រឹក្សារដ្ឋមន្ត្រី ពាណិជ្ជកម្ម និងជាសមាសភាព គណប្រតិភូ ស្ថានទូត នៃព្រះរាជាណាចក្រថៃ និងជាអ្នកតំណាង វិស័យឯកជនទាំងមូល ដែលបានអញ្ជើញ នាំយកមក នូវអំណោយ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ដែលសរុបទឹកប្រាក់អស់ប្រមាណជា 7 ពាន់ដុល្លារ មកជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ ពលករ ដែលបានវិលត្រឡប់ មកពីប្រទេសថៃវិញ ហើយបាននឹងកំពុង ធ្វើចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង ក្នុងគោលបំណង ជួយសម្រួលដល់ការខ្វះខាត របស់ពលករ ក៏ដូចជាការរឹតចំណងសាមគ្គីភាព និងពិភាក្សាការងារមួយចំនួន ពិសេសការងារអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន នៃនិន្នាការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃការវិនិយោគ នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី 26 ខែកក្កដាកន្លងទៅនេះ។

ឯកឧត្តមងួនរតនៈ បានសម្ដែងការស្វាគមន៍ និងបញ្ជាក់ថា ដោយសារប៉ុន្មានខែចុងក្រោយនេះ ព្រះរាជាណាចក្រថៃ មានការផ្ទុះរាលដាល ជាសហគមន៍ កាន់តែធ្ងន់ធ្ងរ នៃជំងឺកូវិត 19 ប្រភេទ Delta កាន់តែច្រើនឡើង បានធ្វើឲ្យពលករ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទៅធ្វើការនៅទីនោះ ក៏បាននាំគ្នាវិលត្រឡប់ មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែន កម្ពុជាថៃ ជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់ប្រតិភូស្ថានទូត ព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ នៃក្រុមហ៊ុន វិស័យឯកជនមួយចំនួន នៃព្រះរាជាណាចក្រថៃ ដែលបានមកធ្វើវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។ ហើយអំណោយ ជាគ្រឿងឧបភោគបរិភោគ ដែលបាននាំយកមកជូនដល់ពលករ ដែលទើបត្រឡប់ មកពីប្រទេសថៃ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ដែលជាសកម្មភាពមួយ បញ្ជាក់ឲ្យឃើញ ពីការរឹតចំណង សាមគ្គីភាព មិត្តភាព កាន់តែខ្លាំងក្លា បន្ថែមទៀតរវាងប្រទេសទាំងពីរ។

ជាងនេះទៀត បញ្ជាក់ឲ្យឃើញ ពីការរួមគ្នា ក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 ដែលប្រទេសយើងទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងឆ្លងកាត់។

ប្រភព រដ្ឋបាលខេត្ត