ក្រសួងការងារគាំទ្រ ស្នាដៃស្រាវជ្រាវបន្ថែម របស់ ក្រុមនិស្សិត ផលិតដ្រូន នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា


ក្នុងឱកាសសំណេះសំណាល នឹងឧបត្ថម្ភគាំទ្រ ថវិកាចំនួន១៥,០០០ ដុល្លារ សម្រាប់ទ្រទ្រង់លើ ការស្រាវជ្រាវបន្ថែម របស់ក្រុមនិស្សិត ដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិត ដ្រូន កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ ឯកឧត្តមហេងសួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលចង់ឃើញ យុវជនកម្ពុជា មានការចាប់អារម្មណ៍ ទៅលើការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត ឲ្យបានកាន់តែច្រើន ដែលធ្វើឲ្យប្រទេសរបស់យើង សំបូរទៅដោយអ្នកវិទ្យាសាស្រ្ត។

ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ដ្រ អាចមានគំនិត ផលិតសម្ភារៈប្រើប្រាស់ បានច្រើន កែប្រែពីការប្រើកម្លាំង ទៅជាការប្រើឧបករណ៍ បែបទំនើបជំនួសវិញ សម្រាប់បម្រើទៅលើផ្នែក សំណង់ និងកសិកម្មជាដើម។

ឯកឧត្តមមានបំណងចង់ឱ្យ ប្អូនៗជានិស្សិតជំនាន់ក្រោយ យកវិទ្យាសាស្រ្តធ្វើជាមូលដ្ឋាន ក្នុងការទាក់ចិត្ត ដល់អ្នកស្រាវជ្រាវ របស់ក្រុមហ៊ុនធំៗជាដើម ទទួលអាហារូបករណ៍ បន្តការសិក្សាស្រាវជ្រាវ ជំនាញវិទ្យាសាស្រ្តរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។ ការរស់នៅរបស់យើងរាល់ថ្ងៃ ដែលមានលក្ខណៈងាយស្រួលនេះ គឺពឹងផ្អែកទៅលើ អ្នកវិទ្យាសាស្រ្ត ជំនាន់មុនបានធ្វើ ការសិក្សាស្រាវជ្រាវ បង្កើតបានជាសម្ភារៈទំនើបៗ យ៉ាងច្រើនដើម្បី បម្រើសេចក្តីត្រូវការ ក្នុងការរស់នៅរបស់យើង។ ឯកឧត្តមបានសម្ដែងមោទនភាព ក្រៃលែង ចំពោះប្អូននិស្សិត ដែលបានបង្កើតស្នាដៃ ដ៏អស្ចារ្យនេះឡើង ដែលអាចចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុត សម្រាប់កម្ពុជា ដែលមានក្រុមនិស្សិត រៀបចំបង្កើត ដ្រូន នេះ ឲ្យចេញជារូបរាងឡើង។ ឯកឧត្តមបានរំពឹងយ៉ាងមុតមាំថា ស្នាដៃថ្មីៗបន្ថែមទៀត នឹងកើតចេញជាផ្លែផ្កា មានភាពទំនើប ទាន់សម័យ ដើម្បីបម្រើតម្រូវការចាំបាច់ នៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់យើង ហើយក៏ជាការលើកស្ទួយ កិត្យានុភាពជាតិ ក៏ដូចជាមោទនភាព របស់ជាតិសាសន៍យើងផងដែរ។ ឯកឧត្តមក៏បានកោតសរសើរដល់ ឯកឧត្តម ប៊ុនភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសាស្ត្រាចារ្យ ដែលបានប្រឹងប្រែង ធ្វើឲ្យវិទ្យាស្ថាន មានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង ដើម្បីរួមចំណែក លើកកម្ពស់ការបណ្ដុះបណ្ដាល ធនធានមនុស្សរបស់កម្ពុជា កាន់តែមានសក្តានុពល បន្ថែមទៀត៕ ប្រភព វិទ្យុជាតិ កម្ពុជា