វិធានការជួយដល់សិស្សនៅតំបន់ដាច់ស្រយាលដែលមិនអាចមានលទ្ធភាពមើលកម្មវិធីសិក្សាតាមទូរទស្សន៍និងស្មាតហ្វូន ក្នុងអំឡុងពេលប្រឈមកូវីដ១៩

ដោយសារតែបញ្ហាជម្ងឺរាលត្បាតកូវីដ19ក្រសួងអប់រំបានអោយសិស្សានុសិស្សរៀនតាមប្រពន្ធ័ Online។ ក្នុងនោះដែលក៏មានបញ្ហា ការត្អួយត្អែពីប្រជាពលរដ្ឋដែលជាអាណាព្យាបាល និងសិស្សដែលមានការខ្វះខាតមួយចំនួនផងដែរ។

កញ្ញា សូ លីណែត ជាគ្រូបង្រៀនម្នាក់បាននិយាយថា សម្រាប់អ្នកគ្រូផ្ទាល់គឺសង្កេតឃើញថាកូនសិស្សមួយចំនួនគឺមានការខ្វះខាត ព្រោះអ្នកខ្លះមិនមានស្មាតហ្វូន មិនមានទូរទស្សន៍ ហើយបើសិនជាមានក៏ដំណើរការមិនសូវបានល្អដោយសារនៅឆ្ងាយពីក្រុង។ អ្នកគ្រូបានបន្តទៀតថា ជាក់ស្តែងសម្រាប់ការរៀនបែបនេះ គឺល្អក្នុងកំឡុងពេលដែលបិទសាលាតែសម្រាប់សិស្សមួយចំនួនធំគឺគាត់មិនសូវជាយកចិត្តទុកដាក់ប៉ុន្មាននោះទេ។ ពេលដែលកាន់ស្មាតហ្វូន មើលទូរទស្សន៍គាត់បែជាប្រើកម្មវិធីផ្សេងដូចជាលេងហ្គេម មើលរឿងជាដើម។

ស្រដៀងគ្នានេះដែរ លោកគ្រូ រស្មី ជាគ្រូបង្រៀនម្នាក់ក្នុងស្រុកថ្មគោលបាននិយាយថា នៅតាមជនបទគឺសិស្សជួបការលំបាកច្រើនដោយសារតែ ស្មាតហ្វូនសេវាអ៊ីនធើណេតមិនសូវដើរ ហើយទូរទស្សន៍មិនមានអង់តែនដែលអាចចាប់ប៉ុស្ត៍បាន។លោកគ្រូក៏បានសំណូមពរជួសអោយអាណាព្យាបាលសូមអោយក្រសួងឆាប់បើកសាលារៀនវិញក្នុងពេលឆាប់ដើម្បីងាយស្រួលដល់កូនរបស់ពួកគាត់ដែលនៅទីជនបទ។

ជាមួយគ្នាដែល កញ្ញា ដាលីន បានលើកឡើងថា មានគ្រួសារមួយចំនួនដែលគាត់មិនសូវសហការណ៍ដោយសារតែគាត់មិនចេះពីការប្រើស្មាតហ្វូន ហើយក៏គាត់សូវជម្រុញអោយកូនគាត់ព្យាយាមក្នុងការរៀនតាមប្រពន្ធ័បែបអនឡាញដែរ។

យោងតាមការលើកឡើងខាងលើយើងឃើញថាសម្រាប់ការរៀនតាមស្មាតហ្វូន និងតាមទូរទស្សន៍បែបនេះគឺមានល្អប្រសើរច្រើន ហើយក៏មានការលំបាកខ្លះៗសម្រាប់សិស្សដែលគាត់នៅឆ្ងាយក្រុង នៅជនបទដែរ។

អត្ថបទ៖ កញ្ញា ម៉ន ឆវ័ន្ត