ក្រសួងពន្លឿនគម្រោង ប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យ អេឡិចត្រូនិក នៅកំពង់ផែ ដើម្បីដំណើរការ បាននៅត្រឹមខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួង សាធារណការនិងដឹកជញ្ជូន បានបង្ហើបឱ្យដឹង កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះថា គម្រោងប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យ អេឡិកត្រូនិក នៅកំពង់ផែ ដែលភាសា បច្ចេកទេសហៅថា Port EDI នឹងអាចដាក់ដំណើរការ បាននៅក្នុង អំឡុង ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ដែលបច្ចុប្បន្ន ក្រុមហ៊ុនទទួលបន្ទុក រៀបចំ កំពុងពន្លឿន ការងារបំពាក់ បច្ចេកទេស លើប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលនៅសេសសល់ ឲ្យបានរួចរាល់ តាមផែនការ ដែលបានគ្រោងទុក។ មកដល់បច្ចុប្បន្ន ការងារបំពាក់ប្រព័ន្ធ ផ្លាស់ប្ដូរទិន្នន័យ តាមអេឡិកត្រូនិក នៅកំពង់ផែនេះ សម្រេចវឌ្ឍនភាព បានប្រមាណជា ៩០%ហើយ ដោយគ្រោងបញ្ចប់ តាមផែនការ ដើម្បីសុំគោលការណ៍ ដាក់ដំណើរការ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអេឡិចត្រូនីក នៅកំពុងផែនេះ ស្ថិតក្រោមជំនួយ ឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន ហៅកាត់ JICA ក្នុងទឹកប្រាក់សរុប ប្រមាណ ១២ លាន២ សែនដុល្លា ក្នុងគោលបំណង កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខា កំពង់ផែ ឲ្យកាន់តែល្អប្រសើរ នៅពេលបរិមាណ នៃការនាំចូល និងការនាំចេញ បានកើនឡើងជារៀងរាល់ឆ្នាំ នៅតាមកំពង់ផែធំ ចំនួន២ គឺកំពង់ផែ ស្វ័យយ័តភ្នំពេញ និងកំពង់ផែ ស្វ័យ័ត ក្រុងព្រះសីហនុ ហើយត្រូវបានដំណើរការ បែបបទនាវាចូល ចេញ តាមនីតិវិធី រដ្ឋបាល ដោយដៃ ដែលងាយជួបប្រទះ បញ្ហាប្រឈមផ្សេងៗ។ ប្រព័ន្ធនេះ និងជួយសម្រួលដល់ នីតិវិធី ចេញ ចូល កំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូន ទំនិញអន្តរជាតិធំៗ គ្រប់គ្រងសេវាដឹកជញ្ជូន តាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា នឹងកាត់បន្ថយ ការចំណាយផ្សេងៗ ពិសេសជួយបង្កើតការ ទាក់ទងការវិនិយោគ ផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើ ដល់ពលរដ្ឋកម្ពុជាទៀតផង៕ ប្រភព វទ្យុជាតិ កម្ពុជា