កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបងបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ

Phy Sok, [24.09.21 09:36]

បាត់ដំបង៖គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះតទៅ។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ និងជាតំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ចំណាយថវិកាអស់ជាង១៦០លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ហើយដំណើរការសាងសង់បានប្រព្រឹត្តទៅយ៉ាងសកម្ម។

ឯកឧត្តម តូច ចាន់កុសល បានថ្លែងបន្ថែមថា កំណាត់ផ្លូវនេះមាន ៤គន្លង មានទទឹង២៣ម៉ែត្រសម្រាប់តំបន់ជនបទ និង ២៨ម៉ែត្រសម្រាប់ទីប្រជុំជន។ កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃ នៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណជាង១ម៉ឺនដើម ចាប់ក្រុងបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ។ ដោយឡែកផ្លូវវាងក្រុងបាត់ដំបង មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវរាប់ពាន់ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។


ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងបន្តថា កំណាត់ផ្លូវនេះ ជាគោលការណ៍នឹងទទួលបានការថែទាំរយៈពេលមួយឆ្នាំពីដៃគូជប៉ុន គិតចាប់ពីថ្ងៃប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះទៅ។ ហើយចំពោះអ្នករំលោភបំពានលើដីចំណីផ្លូវនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះ ឯកឧត្តម បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានតម្លៃថ្លៃជាងបណ្ដាប្រទេសជិតខាង ដូច្នេះបន្ទាប់ពីផ្លូវវាងក្រុងបាត់ដំបងនេះបើកឱ្យធ្វើចរាចរណ៍នឹងជួយបង្កើនល្បឿននៃការដឹកជញ្ជូនទំនិញ កាត់បន្ថយថ្លៃប្រេង និងការចំណាយផ្សេងៗ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ចកើត-លិច ទី២ដ៏មានសក្ដានុពលសម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាង បាងកក-ភ្នំពេញ-ហូជីមិញ៕