ខេត្តបាត់ដំបងរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១០បន្ថែមទៀត ក្នុងនោះ៩នាក់ជាសមាជិក គ្រួសារតែមួយរស់ជុំគ្នា

មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថានៅថ្ងៃទី១១ខែឧសភា បានរកឃើញអ្នក វិជ្ជមាន កូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត ក្នងនោះ៩នាក់ក្នុងព្រឹត្តិការណ៍សហគម២០កុម្ភៈ និង ម្នាក់មកពីប្រទេសថៃ ដែលធ្វើអោយអ្នកជំងឺកើនឡើងជិត៤០នាក់ កំពុងដាក់អោយសម្រាក ព្យាបាល ។

លោក ឱសថបណ្ឌិតវឿងប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថា អ្នករកឃើញវិជ្ជមានទាំង១០នាក់ថ្មីបន្ថែមទៀតនេះ ៩នាក់ជាក្រុមគ្រួសារតែមួយ ហើយរស់នៅជុំគ្នាទីលំនៅបច្ចុប្បន្ន ស្ថិតនៅក្នុងភូមិប៉ាលីលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នឹងម្នាក់ទៀត ជាកម្មករសំណង់នៅទីក្រុងបាងកក រស់នៅភូមិ បឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

លោកឱសថបណ្ឌិតវឿងប៊ុនរ៉េតបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ទាំង១០នាក់នេះត្រូវ បានពិនិត្យសំណាក ដោយតេស្តGneXspert នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

បើតាមប្រភពមន្រ្តីអោយដឹងថា អ្នកវិជ្ជមានកូវីដ ៩នាក់ដែលជាគ្រួសាររស់នៅជុំគ្នានៅក្រុងប៉ោយប៉ែត្រ នេះ ដោយមានការ សង្ស័យ ពួកគាត់បានជិះរថយន្តផ្ទាល់ខ្លួនមកកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីពិនិត្យសំណាកដោយខ្លួនឯង ទើបឃើញលទ្ធផលវិជ្ជមានកូវីដ១៩តែម្តង ដែលបច្ចុប្បន្ន កំពុងដាក់ អោយសម្រាកព្យាបាល ។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ខែឧសភា ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ចំនួន ៦៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៩នាក់ នឹង កំពុងស្នាក់នៅព្យាបាលចំនួន ៣៨នាក់ ។
ដោយចំនួនអ្នកវិជ្ជមានកូវីដ១៩ចេះតែកើនរាល់ថ្ងៃ អាជ្ញាធរខេត្តបាត់ដំបងបាន សម្រេចត្រៀម ទីតាំង សម្រាប់ព្យាបាលអ្នកជំងឺបន្ថែម នៅសាលមហោស្រពស្ទឹងសង្កែ និង តាមមន្ទីរពេទ្យបង្អែកស្រុក មួយចំនួនបន្ថែមទៀត ៕ អត្ថបទ លោក ភី សុខ