សាលារៀនចំនួន ៦ ជាប់ជ័យលាភី សាលាមេត្រីបរិស្ថាន នៅកម្ពុជា ឆ្នាំ ២០២១

Mot Voyho, [08.09.21 16:28]

សាលាបឋមសិក្សាចំនួន ៣ និងមធ្យមសិក្សាចំនួន ៣ បានទទួលជ័យលាភី សាលាមេត្រីបរិស្ថាន ឆ្នាំ ២០២១។ សាលាទាំង ៦នោះរួមមាន ទី១ សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង បានទទួលជ័យលាភី កម្រិតមាស ទី ២ សាលាបឋមសិក្សា ក្រវ៉ាន់សៀមរាប ជ័យលាភីកម្រិតប្រាក់ ទី ៣ សាលាបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរិទ្ធ។ សម្រាប់មធ្យមសិក្សា ទី ១វិទ្យាល័យ ហ៊ុនសែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភី កម្រិត មាស ទី ២ វិទ្យាល័យហ៊ុនសែន សម្ភ:បុរ: ខេត្តក្រចេះ ទទួលបានកម្រិតប្រាក់ និងទី ៣ វិទ្យាល័យចំណេះទូទៅ បច្ចេកទេស ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិត សំរិទ្ធ។

ឯកឧត្តម នេតភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី ៨និងទី ៩ ខែកញ្ញានេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ វិញ្ញាបនបត្រ ព្រមទាំងថវិកាមួយចំនួន និងជ័យលាភី មេដាយមាស របស់សាលាបឋមសិក្សា វត្តចែងខេត្តបាត់ដំបង និងជ័យ លាភី មេដាយសំរិទ្ធ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ ចំពោះការខិតខំ របស់ក្រុមការងារ សម្របសម្រួល កិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡា ក្នុងក្របខ័ណ្ឌការងារ អប់រំការងារបណ្ដុះបណ្ដាល ការសិក្សាស្រាវជ្រាវ នឹងការងារផ្ដល់សេវា ពិគ្រោះយោបល់ លើវិស័យបរិស្ថាន ពិសេសគណៈកម្មការ វាយតម្លៃសាលា មេត្រីបរិស្ថាន ដែលបានផ្ដល់កិច្ចសហការ យ៉ាងល្អប្រសើរ នឹងទទួលបានលទ្ធផល ជាផ្លែផ្កា គួរកត់សម្គាល់ ក្នុងការរៀបចំ ការប្រឡងប្រណាំង សាលាមេត្រីភាពបរិស្ថាន ៣លើកមកនេះ។ ឯកឧត្តម បានកោតសរសើរ ចំពោះសាលា ទាំងបឋម និងមធ្យមសិក្សា ចំនួន ៤៨ បានចូលរួម ក្នុងការប្រឡងប្រណាំង មេត្រីភាពបរិស្ថាន នៅឆ្នាំ ២០២១នេះ ដែលជាការប្រកួតប្រជែង សាលាមេត្រីបរិស្ថាន រៀងរាល់ ២ឆ្នាំម្ដងលើកទី ៣។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណេះដឹងព័ត៌មាន បរិស្ថាន បានឲ្យដឹងថា ការរៀបចំផ្ដល់ តម្លៃ សាលាមេត្រីបរិស្ថាន បានជំរុញលើកទឹកចិត្ត ដល់សាលារៀនទាំងអស់ បន្តវប្បធម៌ស្រលាញ់ និងចូលរួមក្នុងសកម្មភាព មេត្រីបរិស្ថាន កាន់តែប្រសើរឡើង ថែមទៀត។

សូមបញ្ជាក់ថា លក្ខខណ្ឌវាយតម្លៃ ៤ចំណុច នៃសាលាមេត្រីបរិស្ថាន រួមមាន ទីមួយ មានគោលការណ៍របស់រដ្ឋបាល របស់សាលា លើការងារបរិស្ថាន ២ មានការបង្រៀន មេរៀនបរិស្ថាន និង សកម្មភាព អប់រំបរិស្ថានក្នុងសាលា សហគមន៍ ជំរុញជាកម្មវិធី សិក្សាបន្ថែម ឬបញ្ជ្រាប ៣ មានសម្ភារៈបរិក្ខារ អប់រំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រតិបត្តិបរិស្ថាន និង ៤ មានភាពជាដៃគូជាមួយ អ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយ តាមសហគមន៍៕ ប្រភព វិទ្យុជាតិ កម្ពុជា