ខេត្តបាត់ដំបង៖កសិករដាំត្រសក់ ជាមុខរបរបន្ថែម ក្រៅពីធ្វើស្រែ ដើម្បីរកចំណូលទប់ទល់ជីវភាពប្រចាំថ្ងៃ

បើទោះបីតម្លៃត្រសក់នៅលើផ្សារ ប្រែប្រួលមិនទៀង និងមិនស្រូវចំនេញច្រើន យ៉ាងណាក៏ដោយ តែកសិករមួយរូប នៅតែបន្តដាំ យ៉ាងហោច អាចរកចំណូលប្រចាំខែបាន សម្រាប់ផ្គត់ផ្គង់ជីវភាព គ្រួសារប្រចាំថ្ងៃ ព្រោះការដាំត្រសក់ មានរយៈពេលតែ ៣០ថ្ងៃ អាចប្រមូលផលបាន ។

លោក ហួម សារ៉ូម ជាកសិករ រស់នៅភូមិ បាក់រទេះ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងប្រាប់ថាការដាំ បន្លែត្រសក់ ជាមុខរបរ បន្ថែមក្រៅ ពីធ្វើស្រែ ។ លោករៀបរាប់ពីដំណាក់កាល ដំបូងនៃការដាំត្រសក់ថា ដំបូងត្រូវរៀបចំភ្ជួរដី និង ហាលដីឱ្យស្ងួត មានកម្តៅគ្រប់គ្រាន់ ហើយ យើងរៀបចំលើករង ដាក់សំពត់ភ្លៀង ដាក់ដំណក់ទឹក ។ បន្ទាប់មកទៀតលោកថា យើងត្រូវ ដាក់គ្រាប់ត្រសក់ដាំ ហើយដោយប្រើជីលាមកគោ នឹង ប្រើទុយោដំណក់ទឹក រយៈពេល ៤ថ្ងៃ គឺត្រសក់ចាប់ផ្តើម ដុះ ។

កសិកររូបនេះបន្តថា ពេលត្រសក់ដុះ យើងត្រូវថែរក្សាការពារពីពពួកសត្វល្អិត ដោយប្រើថ្នាំគីមីបាញ់ ហើយត្រសក់បានពីរសប្តាហ៍ ត្រូវរៀបចំដាក់ទ្រើង ។ លោកថា ចាប់តាំងពីដាំរហូតដល់ប្រមូលផល ប្រើរយៈពេល ជាង ៣០ថ្ងៃ ។

លោក សារ៉ូម ថា ការងារដាំត្រសក់នេះ មិនសូវជាចំនេញច្រើននោះទេ ដោយត្រូវទូទាត់ថ្លៃដើម ពិសេសថ្នាំបាញ់ ជីផ្សេងៗ ។ រីឯតម្លៃវិញ បច្ចុប្បន្នលោកថា ប្រហែលជា ១២០០រៀល ទៅ ១៥០០រៀល ក្នុងមួយគីឡូក្រាម តែទីផ្សារប្រែប្រួលមិនទៀងនោះឡើយ ម្តងថ្លៃ ហើយពេលខ្លះធ្លាកដល់ទាបខ្លាំង រហូត ដល់ ២០០ ឬ ៣០០រៀល ក៏មាន ។

តែយ៉ាងណា លោក សារូម នៅតែបន្តដាំបន្លែផ្សេងៗ ឬត្រសក់ យកលក់លើទីផ្សារ ដើម្បីបានចំណូលខ្លះ ទប់ទល់ជីវភាពគ្រួសារ ក្រៅពីធ្វើតែស្រែមួយមុខ និងជាជាងទុកដីទំនេរចោល ។

អត្តបទ៖ញ៉ែម ចាន់