អាជ្ញាធរខេត្តបាត់ដំបង រៀបចំមណ្ឌលចត្តាឡីស័កថ្មីសម្រាប់ពលករមកពីថៃ ជំនួសទីតាំងសាលារៀន សម្រាប់ត្រៀមអោយសិស្សចូលសិក្សា

Phy Sok, [02.09.21 15:07]

បាត់ដំបង៖ នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យទីតាំងជាក់ស្តែង ឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្ម រោងចក្រម្ស៉ៅមី និងរោងសម្ងួតដំឡួងមី ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ដើម្បីរៀបចំជាមណ្ឌលចត្តាឡីស័កថ្មី ជំនួសឲ្យសាលារៀនសម្រាប់ទទួលពលករខ្មែរមកពីថៃ ។

ការរៀបចំមណ្ឌលចត្តាឡីស័កថ្មីជំនួសឲ្យសាលារៀននេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យគ្រប់ខេត្តទាំងអស់ពិនិត្យមើលលទ្ធភាពបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលមិនមានហានិភ័យ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា ក្នុងឱកាសចុះពិនិត្យលើទីតាំង និងឃ្លាំង រោងសម្ងួតដំឡូងមី នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងារ បានធ្វើការពិនិត្យ វាយតម្លៃថា ទីតាំងឃ្លាំង និង រោងទាំងនេះ មានលក្ខណៈសមស្របក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័កជំនួសឱ្យទីតាំងសាលារៀនបច្ចុប្បន្ន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានសម្រេចយកឃ្លាំងដែលទុកចោល ចំនួន២ឃ្លាំង និងរោងសម្ងួតដំឡូងមីចំនួន១ រៀបចំជួសជុល កែលម្អរហេដ្ឋារចនាសម្ព័ន្ឋ ចាប់ពីថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១នេះ តទៅ ដែលអាចទទួលពលករចូលមកធ្វើចត្តាឡីស័កបានចំនួនប្រមាណ៣០០០នាក់ ។ ដោយឡែកចំពោះ ឃ្លាំងចំនួន២ទៀត នឹងពិនិត្យលទ្ធភាពតាមក្រោយស្របតាមលំហូរចូលពលករ ។

លោក សឿម ប៊ុនរិទ្ធិ បានបន្ថែមថា ព្រមជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងារបាននិងកំពុងមមាញឹករៀបចំធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ឋនៅទីតាំងរោងម៉ាស៊ីនកែច្នៃអង្ករ ស្ថិតនៅភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាល ដែលអាចផ្ទុកបានចំនួន ២ ៥០០គ្រែ ។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងអំឡុងខែកក្កដា និងខែសីហា កន្លងទៅនេះ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រមាណជាង២ពាន់នាក់ ក្នុងនោះត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ជាង២០០នាក់ផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលត្រូវធ្វើយ៉ាងណាជំរុញពន្លឿនដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ឬដូសជំរុញដល់គ្រូបង្រៀនឲ្យបានគ្រប់ៗគ្នាដើម្បីឆាប់បានបើកដំណើរការសាលារៀនឡើងវិញ។

ពាក់ព័ន្ធដល់ការបើកសាលារៀនឡើងវិញនេះកាលពីរសៀលថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២១ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធអនឡាញវីដេអូហ្សូម(Zoom)ជាមួយអាជ្ញាធរខេត្តទាំងអស់ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប៕ ភី សុខ