តម្រួតថៃឃាត់ខ្លួនរថយន្តសង្គ្រោះបន្ទាន់ ដែលបន្លំដឹកពលករខ្មែរឆ្លងដែនខុសច្បាប់ជាង១០នាក់

Phy Sok, [15.07.21 16:58]

អាជ្ញាធរខេត្តចាន់បូរីប្រទេសថៃបានធ្វើការឃាត់ស្ទាក់រថយន្តចំនួនពីរគ្រឿង ដែលក្នុងនោះ១គ្រឿងជាប្រភេទ សង្រ្គោះបន្ទាន់ផង ដែលបានលួចបន្លំដឹកពលករខ្មែរជាង១០ នាក់ ដែលឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ។

ប្រភពព័ត៌មានក្នុងស្រុកថៃ បានអោយដឹងថា ពលករខ្មែរទាំងជាង១០នាក់ខាងលើនេះ ត្រូវបានតម្រួតថៃ ស្ទាក់ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិ៤ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ។

ប្រភពបញ្ជាក់ថា រថយន្តទាំង២គ្រឿងនេះ គឺទី១ ជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ ដោយអ្នកបើកបរមានស្លៀកពាក់ឯកសណ្ឋានជាគ្រូពេទ្យដើរយកសំណាក ព្រមទាំងបានបើកភ្លើងស៊ីរ៉ែនតាមផ្លូវរហូត ដោយឡែក ១ គ្រឿងទៀត គឺជារថយន្តនីសាន់ ដឹកសម្ភារៈតាមក្រោយ ដោយដល់ចំណុចខាងលើដោយមានការសង្ស័យតម្រួតថៃ បានឃាត់ពិនិត្យ ក៏ឃើញមានពលករខ្មែរក្នុងរថយន្តទាំងពីរគ្រឿងនោះ តែម្តង។

ប្រភពបញ្ជាក់ថា ពលករខ្មែរដែលត្រួវបានតម្រួតថៃឃាត់ខ្លួននោះ សរុបចំនួន ១៤ នាក់ មនុស្សធំ ៩ នាក់ និងក្មេង ៥ នាក់ ដោយអ្នកបើកបររថយន្តទាំង ២ គ្រឿង គឺជាជនជាតិថៃចំនួន ៣ នាក់ ។

ក្រោយឃាត់ខ្លួន ជនជាតិថៃជាតៃកុងឡាននោះ បានសារភាពថា ពួកគេស៊ីឈ្នួលដឹកពលករខ្មែរទាំង១៤នាក់ ចេញពីខេត្ត ណុនថៈបុរី(តំបន់ក្រហម) ឆ្ពោះទៅកាន់ខេត្តច័ន្ទបុរីក្នុងតម្លៃសរុប ២៥.០០០ បាត ដើម្បីអោយពួកគាត់ឆ្លងដែនតាមច្រកបានឡែនចូលទៅកាន់ប្រទេសកម្ពុជាវិញ ក៏ត្រូវតម្រួតថៃឃាត់ខ្លួនបានតែម្តង។

ក្រោយពេលដែលឃាត់ខ្លួនពលករខ្មែរខាងលើ អាជ្ញាធរខេត្ត ចាន់បូរីនិង មន្រ្តីសុខាភិបាល បានយក សំណាកលើពលករខ្មែរទាំង១៤នាក់រកជំងឺកូវីដ១៩ ដោយលទ្ធផល រកឃើញវិជ្ជមានកូវីដចំនួន ៥នាក់ ។

បច្ចុប្បន្នក្រុមគ្រួពេទ្យកំពុងនាំពលករខ្មែរទាំងអស់ ទៅធ្វើចត្តាឡីស័ក និង សម្រាកព្យាបាល ។ចំណែក តៃកុងឡានជាជនជាតិថៃ៣នាក់ ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ ភី សុខ