ពលករខ្មែរ ៤០ នាក់ លបឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ត្រូវឃាត់ខ្លួន

ពលករខ្មែរ ៤០ នាក់ លបឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ត្រូវឃាត់ខ្លួន

ពលករខ្មែរសរុបចំនួន ៤០ នាក់ ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនបានលើ ២ គោលដៅ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណ:ដែលពួកគេកំពុងលបឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ។


ប្រភពបញ្ជាក់ថាការឃាត់ខ្លួននេះបានធ្វើឡើងនាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២ និងកម្លាំងកងរយលេខ ១៣ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងរដូវកាល ការរាតត្បាតនៃជំងឺកូវីដ-១៩ ។


គោលដៅទី១ គឺកម្លាំងយោធាថៃ ក្នុងអង្គភាពកងរយលេខ១២ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ២៨ នាក់ ក្នុងនោះប្រុស ១៧ នាក់ ស្រី ៩ នាក់ និងក្មេងតូចៗ ២ នាក់ ត្រង់ចំណុច ភូមិវឌ្ឍនា ឃុំផានសឹក ក្នុងឃុំអារញ្ញប្រាថេត ខេត្តស្រះកែវ ខណ:ដែលពួកគេកំពុងធ្វើដំណើរចូលទៅរកការងារធ្វើដោយខុសច្បាប់ ។


និងគោលដៅទី ២ ត្រូវបានកម្លាំងកងរយលេខ ១៣ ធ្វើការឃាត់ខ្លួនពលករខ្មែរ បន្ថែមចំនួន ១២ នាក់ទៀត ដែលក្នុងនោះ ប្រុស ៦ ស្រី ៥ និងក្មេងតូច ១ នាក់ ត្រង់ចំណុច ក្នុងភូមិ៦ ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលបានលបឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ។


បច្ចុប្បន្នពលករខ្មែរទាំង ៤០ នាក់ ត្រូវបានកម្លាំងយោធាថៃ បញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេតហើយ ដើម្បីសាកសួរតាមនីតិវិធី ៕ អត្ថបទ :ភី សុខ