ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាល ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

Mot Voyho, [27.07.21 10:12]

ទោះបីជាមានការផ្លាស់ប្ដូរ តួនាទីមុខ តំណែង អភិបាលនៃគណៈអភិបាល ស្រុកថ្មីក៏ដោយ តែដំណើរការ នៃសកម្មភាពការងារ គឺនៅតែបន្ត ពោលគឺរដ្ឋបាលស្រុក ត្រូវតែខិតខំប្រឹងប្រែង ជាបន្តទៀត ក្នុងគោលដៅបម្រើ គ្រប់សេវារបស់រាជរដ្ឋាភិបាល ឲ្យបានដល់ប្រជាពលរដ្ឋយើង កាន់តែល្អមួយកម្រិតថែមទៀត។ ជាងនេះទៀត ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង រាល់សកម្មភាពទាំងឡាយណា ដែលបង្កឡើងដោយការញុះញង់ ក្នុងន័យបំផ្លាញ សុខសន្តិភាពរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលស្រុក ត្រូវធ្វើការបកស្រាយ ព័ត៌មានពិត ជូនប្រជាពលរដ្ឋ នេះប្រសិនបើមាន ករណី ដូចខាងលើកើត មានឡើង។

នេះជាប្រសាសន៍ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ថ្លែងក្នុងពិធី ប្រកាសចូលកាន់មុខដំណែង អភិបាលនៃគណៈអភិបាល ស្រុករតនមណ្ឌល ដែលរាជរដ្ឋាភិបាល បានប្រកាសតែងតាំង លោកគុយ វណ្ណូ ឋានន្តរស័ក ឧត្តមមន្ត្រី ថ្នាក់លេខ 5 ឲ្យកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាល ស្រុករតនមណ្ឌល ជំនួសលោក ឥន្ទសៅរិទ្ធ ដែលត្រូវចូលនិវត្តន៍ កាលពីព្រឹកថ្ងៃទី 26 ខែកក្កដាកន្លងទៅនេះ។

ឯកឧត្តមក៏បានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ល្អៗមួយចំនួន ដល់លោកអភិបាល ដែលទើបតែងតាំងថ្មី ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបាន កាន់តែល្អ និងជាមួយបណ្ដា អាជ្ញាធរស្រុកឃុំ ក៏ដូចជាបណ្តាមន្ទីរអង្គភាព ពិសេសដៃគូអភិវឌ្ឍន៍នានា ដើម្បីភាពជោគជ័យនៃការងារ។ ឯកឧត្តមក៏បានជម្រុញ ឲ្យរដ្ឋបាលស្រុក បន្តតាមដាន និងយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លាទៅលើ ការហូរចូលមកនៅ ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ ដើម្បីបន្តទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 ពិសេសកូវិតប្រភេទ Delta ដែលកំពុងតែផ្ទុះ យ៉ាងខ្លាំងក្លានៅប្រទេសថៃ ហើយរដ្ឋបាលស្រុកត្រូវ ត្រៀមរៀបចំជាស្រេច ទាំងសម្ភារៈ ទាំងឧបករណ៍ និងទីកន្លែងធ្វើចត្តាឡីស័ក និងព្យាបាល ព្រមទាំងក្រុមគ្រូពេទ្យ ដើម្បីកុំឲ្យ មាន ភាពយឺតយ៉ាវ ធ្វើអោយយុទ្ធនាការ នៃការទប់ស្កាត់ នូវជំងឺនេះ មិនទទួលបានលទ្ធផលល្អ និងបង្កឲ្យមាន ការផ្ទុះរីករាលដាល កាន់តែធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋយើង៕ ប្រភព រដ្ឋបាល ខេត្ត