ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងផ្សារ ខេអឌី ស្រុកកំរៀង កើនឡើងជាង៤០០នាក់ហើយ

Phy Sok, [15.09.21 15:19]

អាជ្ញាធរស្រុកកំរៀងបានអោយដឹងថាតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងផ្សារខេអឌី(KRD) ស្រុកកំរៀង បានកើនឡើងចំនួនជាង៤០០នាក់ ខណៈដែលអាជ្ញាធរនិង មន្រ្តីសុខាភិបាលកំពុង តែបន្តយកសំណាក លើអ្នកភូមិនិងអាជីវករពាក់ព័ន្ធបន្ថែមទៀត ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀងខេត្តបាត់ដំបងមានប្រសាសន៍ថា គិតត្រឹមល្ងាចថ្ងៃ ទី១៤ខែកញ្ញា តួលេខអ្នកពាក់ព័ន្ធនឹងផ្សារខេអឌី មានអ្នកឆ្លងកើនឡើងដល់ ៤០៧នាក់ក្នុង នោះស្រ្តី២៣២នាក់ ក្នុងចំណោមអ្នកមកយកសំណាកចំនួន១១៧៦នាក់ ស្រ្តី៦៣៩នាក់។

លោកអភិបាលស្រុកបានអោយដឹងថាបច្ចុប្បន្នអាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងបន្ត យកសំណាកលើអ្នកពាក់ព័ន្ធបន្ថែមទៀត ខណៈដែលប្រជាពលរដ្ឋខ្លះកំពុង សម្ងំនៅក្នុងផ្ទះ មិនព្រមចេញមកយកសំណាក ។

លោកបានអំពាវនាវអោយប្រជាពលរដ្ឋនិងអាជីវករទាំងអស់ដែលពាក់ព័ន្ធ សហការ មកយក សំណាកអោយបានលឿននិងគ្រប់គ្នា ដើម្បីកុំអោយឆ្លងចូលសហគមកាន់តែច្រើនថែមទៀត ។

លោក សុខគឹមខុនបន្ថែមថា មូលហេតុដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារKRD ក្នុងភូមិអូដារលើ ស្រុកកំរៀង និង រាលដាល់ដល់ភូមិទាំងមូលនេះ ដោយសារតែ ប្រជាពលរដ្ឋម្នាក់បានចូលទៅ ទិញទំនិញនៅទឹកដីថៃ យកមកលក់នៅផ្សារKRD នេះរហូតដល់ថ្ងៃទី០៧ កញ្ញា គាត់មានអាការៈ ខុស ធម្មតា ក៏ពិនិត្យសំណាកឃើញមានកូវីដ១៩ និង ក្រោយមករកឃើញ ប្រជាពលរដ្ឋម្នាក់ទៀតដែលទៅ ទិញទំនិញនៅផ្សារថៃដែរមានវិជ្ជមានកូវីដ១៩ដែរ ។

ដោយឃើញដូច្នេះអាជ្ញាធរ និងមន្រ្តីសុខាភិបាលចាប់ ផ្តើមពិនិត្យសំណាកលើប្រជាពលរដ្ឋ និង អាជីវករដែល ចេញចូលទៅទិញទំនិញនៅផ្សារថៃយកមកលក់នៅផ្សារKRD នេះ ទើបឃើញ ជាបន្តបន្ទាប់កាន់តែច្រើនឡើង រហូតដល់បិទខ្ទប់ភ្លាមៗនៅទីតាំងផ្សារនេះ និង បន្តបិទភូមិ អូរដា លើ ទាំងមូលតែម្តង រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់កុំអោយ ឆ្លងរាលដាលទៅភូមិ ផ្សេងៗទៀត៕ អត្ថបទ ភី សុខ