វត្ថុបុរាណនៅខ្មែរ ជារតនវត្ថុ ដ៏ល្អឯកចំនួន ៥រូប ត្រូវបានបញ្ជូនពី ប្រទេសអង់គ្លេស ត្រឡប់មកកម្ពុជាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹង កាលពីថ្ងៃទី ៣០ ខែកញ្ញានេះថា វត្ថុបុរាណខ្មែរ ដែលជារតនវត្ថុ ដ៏មានតម្លៃ ចំនួន ៥ រូប ត្រូវបានបញ្ជូនពីប្រទេស អង់គ្លេស ត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ។

សេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការបញ្ជូនវត្ថុបុរាណខ្មែរ ដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រ កម្ពុជាវិញនេះ បន្ទាប់ពីមានការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក (ឌូក្លាស ឡាចហ្វត) ស្ដីពីការ បញ្ជូនត្រឡប់មកវិញ សម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួង បានចេញសេចក្តីជូនដំណឹង ព័ត៌មានកាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ ក្នុងនោះមានវត្ថុបុរាណខ្មែរ ចំនួនជាង ១00 រូប សាងពីថ្មនិងសំរិទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកវិញ ជាបន្តបន្ទាប់។ សេចក្តីជូន ព័ត៌មាន ដដែលបានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរ ដែលជារតនវត្ថុ ដ៏ល្អឯកចំនួន ៥ រូប ក្នុងនោះមាន បដិមាថ្ម ព្រះសិវស្កន្ទ(ព្រះឥសូរ ព្រះស្កន្ទ) មកពីប្រាសាទកោះកេរ សំរិទ្ធ ត្រូវបានបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជា នាថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ។ សេចក្តីជូនព័ត៌មានដដែល បានបញ្ជាក់ទៀតថា រូបចម្លាក់ទាំង ៥ រូបនេះ និងយកទៅរក្សាទុក នៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញ ធ្វើការពិនិត្យវាយតម្លៃ សំអាតជួសជុល និងតំឡើងជើងទម្រ ចាំបាច់នានា សម្រាប់ត្រៀមរៀបចំ ពិធី ប្រគល់និងទទួល ជាផ្លូវការ នៅពេលវេលាណាមួយ សមស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា៕ ប្រភព វិទ្យុជាតិ កម្ពុជា