គណៈប្រតិភូ​ក្រសួងយុត្តិធម៌​ចុះ​ពិនិត្យ​សិក្សា​ស្វែងយល់​អំពី​ករណី​ទំនាស់​ដីធ្លី​បងប្អូន​ប្រជាពលរដ្ឋ រវាង​ឧកញ៉ា សង ថន នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​

​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ គណៈប្រតិភូ​ក្រសួងយុត្តិធម៌ ដឹកនាំ​ដោយ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ អមដំណើរ​ដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក សឿ​ម ប៊ុន​រិទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ សែន ហ៊ុន ឯកឧត្តម ប៉ោ ទ្រី​ឌឿ​ន ទីប្រឹក្សា​សម្តេច​ក្រឡាហោម លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​គ​ដី​ខេត្ត លោក​អភិបាលស្រុក មេឃុំ និង​អ្នកពាក់ព័ន្ធ​មួយចំនួន ព្រមទាំង​បងប្អូន​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា សង ថន ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឆ្នាល់​មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ។​

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏​បាន​ពន្យល់​អំពី​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី និង​នីតិវិធី​ក្នុង​ដំណើរការ​នៃ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​បងប្អូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​កុំ​ធ្វើ​ការកាប់​ទន្ទ្រាន​បន្តទៀត ដើម្បី​ទុក​លទ្ធភាព​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​ការវាស់វែង​កំណត់​អត្តសញ្ញាណ​កម្ម​ក្បាលដី​ឱ្យបាន​ច្បាស់ និង​ចំនួន​គ្រួសារ​ឱ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​ការបិទ​ផ្សាយ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​នីមួយៗ ។​

​សូម​ជម្រាប​ជូន​ថា​ចំពោះ​គ្រួសារ ចំនួន ៤ គ្រួសារ ដែល​រង​ការប្តឹង​ពី​ឧកញ៉ា សង ថន និង​ដីកា​កោះហៅ​របស់​តុលាការ ត្រូវបាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ទទួលយក​ស្នើសុំ​ជួយ​ការពារ​ក្តី​ចំពោះ​មុខច្បា​ប់​ផង​ដែរ​៕
​ប្រភព :​រដ្ឋបាលខេត្ត​