គ្រាប់មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​នៅ​ស្រុក​វាលវែង និង ស្រុក​ស្វាយ​លើ ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​

​ក្រោយពី​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ ថា​បាន​ឃើញ​គ្រាប់មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​បាន​រាយប៉ាយ​នៅ​ភូមិ​តាំង​យ៉ ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយ​ទទួលបាន​ព័ត៌មាន​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​ជាតិ​NPMEC បាន​ចុះទៅពិនិត្យ​ទីតាំង​ផ្ទាល់ ។​

​អាជ្ញាធរ​មីន​បានបញ្ជាក់​ថា ក្រោយពី​ពិនិត្យ ក្រុម​ការងារ​បាន​ប្រមូល​យក​គ្រាប់មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ​កំទេចចោល កាលពី​ថ្ងៃ​ទី​២១​ខែ​ឧសភា​។​

​ចំណែក​នៅ​ខេត្ត​សៀមរាប​វិញ អាជ្ញាធរ​មីន​បញ្ជាក់ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ភូមិ​អូរ​តា​កុក ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ថា​បាន​រក ឃើញ​គ្រាប់ មីន​និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ក្រុម​កម្ទ​ច​គ្រាប់​(EOD) នៃ​អង្គការ​ដោះមីន​កម្ពុជា​(CSHD) បាន​ចុះ​ទៅ​ប្រមូល បាន​ប្រភេទ​មីន​ប្រឆាំង មនុស្ស ៦០​ម​ម type69 ចំនួន ១៥​គ្រាប់ និង​គ្រាប់​ត្បាល់ ៦០​ម​ម type27 ចំនួន​១​គ្រាប់ សរុប​មាន​ចំនួន ១៦​គ្រាប់ នៅ​ដី​ក្បែរ​ចម្ការ​។​

​អាជ្ញាធរ​មីន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ សូម​កុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​។​

​នៅ​ស្រុក​សំឡូត​និង​ស្រុក​ជាប់​ព្រំដែន​មួយចំនួន​ខេត្តបាត់ដំបង​ជា​អតីត​សមរភូមិ​ក្តៅ ក៏​មាន​បន្សល់​នៅ​គ្រាប់មីន​និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​រាយប៉ាយ​ជាច្រើន​ផងដែរ ដែល​បាន​បង្ក​អោយ​រង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​កាលពី​ល្ងាច​ទី​២១​ខែ​ឧសភា បុរស​ម្នាក់ បាន​ដាច់​ជើង​ស្តាំ ខណៈ​ដែល​គេ​ចូល​ព្រៃ​នៅ​ស្រុក​សំឡូត ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ដូច​រាល់ដង​៕
@Phy sok
​រូបភាព អាជ្ញាធរ​មីន​