តំបន់ទេសចរណ៍ធម្មជាតិភ្នំ៥៣ បង្កើនការចាប់អារម្មណ៍ពី ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

 ភ្នំ៥៣ជាតំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់មួយកន្លែងទើបរៀបចំនាដើមឆ្នាំ២០២០ កំពង់បង្ហាញសម្រស់ធម្មជាតិបង្អួតភ្ញៀវទេសចរណ៍អោយមកកំសាន្តម្តងហើយម្តងទៀត ។

តំបន់ទេសចរណ៍មួយនេះ យើងអាចធ្វើដំណើរពីក្រុងបាត់ដំបងចេញតាមផ្លូវបវេលត្រង់ផ្លូវបំបែកថ្មគោលដែលមានចម្ងាយ​ប្រហែល ១៣២គ.ម ​ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន​ត្រង់​ចំណុ​ច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ យើង​នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ទឹកធ្លាក់​៥៣ នៅ​ខាងឆ្វេង​ដៃ ចូលទៅ​ដល់ទី​តាំង​ភ្នំ៥៣ ត្រឹមតែ​ជាង​២​គីឡូម៉ែត្រ​ទៀតតែប៉ុណ្ណោះ នឹងទៅដល់ទីតាំងភ្នំ៥៣ ។

ប្អូនបញ្ញា ជាកូនម្ចាស់រមនីយដ្ឋានទេសចរណ៍ភ្នំ៥៣បានអោយដឹងថា ទីនេះមានភ្ញៀវទេសចរណ៍មកលេងកើនឡើងជារាងរាល់ថ្ងៃមិនដែលដាច់ ។ចំណុចពិសេសនៅទីនេះដែលកំពង់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនាកំសាន្ត គឺ មានទឹកធ្លាក់  ស្រូបខ្សល់អាកាសបរិសុទ្ធ និង អាចមើលទេសភាពធម្មជាតិ ពីលើកំពូលភ្នំ ផងដែរ ។

ភ្ញៀវទេសចរណ៍មួយក្រុមដែលតែងតែមកលេងកំសាន្តនៅទីនេះបានសម្តែងការចាប់អារម្មណ៍របស់ខ្លួនថា ទីនេះពិតជាជក់ចិត្ត មិនចាញ់ទៅលេងនៅប្រទេសជិតខាងនោះទេ ។

​ក្រៅពីទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ, រមនីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែង

ទីសក្ការៈបូជាដែលបន្សល់ទុកជាយូរយារណាស់មកហើយ ។ម្ចាស់រមនីយដ្ឋានខាងលើបញ្ជាក់ថារូងនេះធ្លាប់ជាកន្លែងដែលដូនជីរឺអ្នកកាន់សីល នានាមកពីទីជិតឆ្ងាយ មកតាំងសមាធិរឺសូត្រធម៌ ។ ដោយអ្នកស្រុកទីនេះដំណាល់ថាពួកគាត់បានតោងថ្មចុះជំរៅប្រមាណ១៥ម៉ែត្រ ដល់ល្អាងមួយដែលមានទីធ្លាប្រមាណ២០ម៉ែត្រដែលមានសីតណ្ហភាពត្រជាក់  ។

ម្ចាស់រមនីយដ្ឋានបញ្ជក់ថា ក្នុងល្អាងនេះ ធ្លាប់មានរូងជម្រៅរាប់រយម៉ែត្របន្តទៀតដែលដូនជីរឺអ្នកកាន់សីលសម័យមុនធ្លាប់ចូលទៅ ល្អាងផ្សេងទៀត ដែលមានពន្លឺនិងខ្សល់ត្រជាក់ ហើយជញ្ជាំងថ្មផ្លេកៗ តែបច្ចុបន្នមិនអាចចូលទៅបានទេ ដោយសារមិនទាន់មានការស្រាវជ្រាវនិងបានចូលទៅដល់នៅឡើយ ។

បច្ចុប្បន្ននេះរូងនេះកំពុងធ្វើការរៀបចំអោយមានជណ្តើរចុះជម្រៅ១៥ម៉ែត្រសិន សម្រាប់ភ្ញៀវទេសចរណ៍មកកំសាន្តនិងអុជធូបទានគោរពបូជាក្នុងល្អាង ដ៏ត្រជាក់មួយនេះ ។

រមនីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ត្រូវបានក្រសួងទេសចរណ៍ចេញអាជ្ញាប័ណ្ឌទេសចរណ៍អោយប្រកបអាជីវកម្មជាផ្លូវការ ដោយដាក់ឈ្មោះទឹក្លាក់៥៣ភ្នំព្រឹក ដែលជាប្រភេទរមនីយដ្ឋានទេសចរណ៍ ថ្នាក់កែច្នៃ(ថ្មី) ដែលមានអ្នកស្រី វ៉ាន់ សុគន្ធា ជាអ្នកឈរឈ្មោះជាម្ចាស់អាជីវកម្ម ហើយអាជ្ញាប័ណ្ណនេះត្រូវបាន មន្ទីរទេសចរណ៍ខេត្តរៀបចំប្រគល់ជូនជាផ្លូវការនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០ ។

អ្នកស្រី វ៉ាន់ សុគន្ធា បានមានប្រសាសន៍អោយដឹងថា អ្នកស្រីកំពុងតែរៀបចំតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំ៥៣នេះ អោយកាន់តែទាក់ទាញបន្ថែមទៀត ក្នុងនោះមានរៀបចំអោយមានទឹកធ្លាក់បន្ថែម និង កន្លែងបោះតង់ជាដើម ។

សម្លេង អ្នកស្រី

ក្រៅពីរមនីដ្ឋានដ្ឋានទឹកធ្លាក់ភ្នំ៥៣នេះ អ្នកស្រីសុគន្ធាក៏ជាម្ចាស់រមនីយដ្ឋានទេសចរណ៍ នគរជុំភ្នំព្រឹកផងដែរ ដែលរមនីយដ្ឋាននេះកំពុងមានការទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងផងដែរ ដែលទីនេះអាចថតរូបអនុស្សាវរីយ័ពីលើចង្កេះភ្នំ គយគន់ទេសភាពធម្មជាតិ និង ទទួលទានអាហារដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ជាដើម ទីតាំងរមនីដ្ឋានដ្ឋាននេះមានចម្ងាយពីគ្នាតែជាង២គីឡូម៉ែត្រប៉ុណ្ណោះ៕