ឯកឧត្តម អគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមាននិស្សិត វេជ្ជសាស្ត្រ ចុះកម្មសិក្សាច្រើន នៅប្រទេសបារាំង

 ឯកឧត្តម ហ្សាក់ បុឺឡេ ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា បានកោតសរសើរចំពោះ កិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល កន្លងមក ដោយឯកឧត្តម អគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៤ ដែលមាននិស្សិត វេជ្ជសាស្ត្រ ចុះកម្មសិក្សាច្រើន នៅប្រទេសបារាំង។ ការគូសបញ្ជាក់ របស់ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង នេះ នៅក្នុងពិធីចុះហត្ថលេខា លើសេចក្តីប្រកាស គោលបំណង នៃកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតបារាំង និងសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នាព្រលប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ នៅស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ហ្សាក់បុឺឡេ ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ សាផុនវឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល និងឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក មន្ទីរពេទ្យកាល់ម៉ែត។ នេះបើយោងតាម សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។

បើតាមឯកឧត្តម ហ្សាក់បុឺឡេ គោលបំណងនៃកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតបារាំង និងសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល នេះនឹងផ្ដល់ នៅការលើកកម្ពស់ ភាពជាដៃគូ របស់បារាំងជាមួយ និងវិទ្យាល័យ វិទ្យាសាស្រ្ត (ស,វ,ស) សម្រាប់ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ ការផ្លាស់ប្ដូរ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិត ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហការ រៀបចំព្រឹត្តិការណ៍នានា ផងដែរ។

ឯកឧត្តម សាស្ត្រាចារ្យ សាផុនវឌ្ឍនៈ បានថ្លែងអំណរគុណ ចំពោះស្ថាប័នបារាំង នានាក្រោមការគាំទ្រ យ៉ាងពេញទំហឹង ពីស្ថានទូត បារាំងប្រចាំកម្ពុជា ដែលបានសហការយ៉ាងល្អ ជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល និងផ្ដល់សមិទ្ធផល ប្រកបដោយផ្លែផ្កា។

សូមរំលឹកថា ចាប់ពីឆ្នាំ ១៩៩៦ មកដល់ឆ្នាំ ២០២០ មាននិស្សិតវេជ្ជសាស្ត្រ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ផ្នែកវេជ្ជសាស្ត្រទូទៅ នឹងឯងទេស សរុបចំនួន ៩០៣នាក់ហើយ បានបន្តការសិក្សា ឬធ្វើកម្មសិក្សា នៅប្រទេសបារាំង។ សម្រាប់ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល ចំនួន ៥៨ នាក់ និងចុះកម្មសិក្សានៅ តាម ២១ មន្ទីរពេទ្យ នៃគ្រឹះស្ថាន បណ្ដុះបណ្ដាលល្បីៗ នៅក្នុងប្រទេសបារាំង៕ ប្រភព AKP