បុរស​ម្នាក់​របួសធ្ងន់​ដាច់​ជើង​ម្ខាង ខណៈ​ស៊ីឈ្នួល​ភ្ជួ​ដី​ចំការ ប៉ះ​មីនតោន នៅ​ស្រុក​រុក្ខ​គី​រី​

 

​ខេត្ត​បាត់ដំបង​៖ មាន​ករណី​ផ្ទុះ​មីនតោន​១​ករណី នៅ​ចំណុច​អូរ​ច្រក​ថ្លាង ស្ថិតក្នុង​ភូមិ បឹង​អំពិល ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង បណ្តាល​អោយ​បុរស​របួសធ្ងន់ ដាច់​ជើង​ម្ខាង នា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ​២០២០ ។​

​អាជ្ញាធរ​មីន​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ ជន ន័ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឧ​កញ្ញ៉ា​មាន់ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​មក​ស៊ីឈ្នួល​ភ្ជួរ​ដី​ស្រែ​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយក៏​បាន​ភ្ជួរ​ចំ​មីនតោន បណ្តាលអោយ​រងរបួស​ធ្ងន់​ដាច់​ជើង​ខាងឆ្វេង​លើ​ក្បាលជង្គង់ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ចូលទៅ​តំបន់​ណា​ដែល​សង្ស័យ​ថា​មាន​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ នៅពេល​ឃើញ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ សូម​កុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​។​

​សូមបញ្ជាក់​ថា​សប្តាហ៍​កន្លងទៅ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចូលរួម​តំឡើង​ផ្ទាំង​បាណូ​អប់រំគ្រោះថ្នាក់​មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ស្រុក​សំឡូត​ខេត្ត​បា់ត់ដំបង​។​
​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា ៖«​បើសិន​ជា​ពលរដ្ឋ​បាន​ជួបប្រទះ ឬ​ដឹង​ពី​កន្លែង​មាន មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​សូម​រាយណ៍ការដ​ល់​អាជ្ញាធរ ឬ​អង្គ​ការបោះសំអាត​មីន មួយ​ណា​ក៏​បាន និង​ដាក់​សញ្ញា​សំគាល់​ផងដែរ​»​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន បានឲ្យដឹងថា ក្នុង​រយៈពេល ២៦​ឆ្នាំ គិត​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៨ សហគមន៍​អន្តរជាតិ បាន​ផ្តល់​ជំនួយ​ប្រមាណ ៤៦៤​លាន​ដុល្លារ ដើម្បី​ជួយ​ក្នុង​សកម្មភាព​ដោះមីន នៅ​កម្ពុជា​។ ក្រៅ​ពី​ការផ្តល់​ជំនួយ​ជួយ​ដល់​សកម្មភាព​មីន​របស់​សហគមន៍​អន្តរជាតិ ខាង​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​ប្រមាណ ១៦០​លាន​ដុល្លារ ក្នុង​រយៈពេល ២៦​ឆ្នាំនេះ​។​

​តាមរយៈ​ការចំណាយ​ថវិកា​ជិត ៧០០​លាន​ដុល្លារ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ជា​លទ្ធផល កម្ពុជា បាន​បោស​ម្អាត​មីន លើ​ផ្ទៃដី ១.៨៨១​គីឡូម៉ែត្រ​ក្រឡា ដោយ​រក​ឃើញ និង​បំផ្លាញចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស ជាង ១​លាន​គ្រាប់ គ្រាប់​មីន​ប្រឆាំង​យានយន្ត ប្រមាណ ២.៤៨៤០​គ្រាប់ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ ២,៧​លាន​គ្រាប់​។​

​កម្ពុជា​នៅតែ​ត្រូវការ​ថវិកា ប្រមាណ ៣៧៧​លាន​ដុល្លារ​ទៀត ដើម្បី​បោសសម្អាត​ផ្ទៃដី​ប្រមាណ ៨៩០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ការ​គម្រាម​ដោយសារ​មីន ដើម្បី​សម្រេច​ឲ្យបាន​នូវ​ផែនការ​លុបបំបាត់​ការ​គម្រាម​ដោយសារ​មីន​ឲ្យអស់ នៅ​ឆ្នាំ ២០២៥​ខាងមុខ​៕
​ដោយ​: លោក ភី សុខ​