រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖ ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​គឺ​ជា​ទង្វើ​ខុសច្បាប់ និង​ជា​ការ​លួច​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា​

​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​គឺ​ជា​ទង្វើ​ខុសច្បាប់ និង​ជា​ការ​លួច​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា​»​។ នេះ​គឺជា​គូសបញ្ជាក់​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ​នៅ​សាលាខេត្ត​រតនគិរី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ទី​៣ នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​រតនគិរី និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួម​មាន​អភិបាលក្រុង​ស្រុក​និង​មេឃុំ ចៅសង្កាត់​ក្រោម​ចំណុះ​រដ្ឋបាល​ខេត្ត​រតនគិរី​ជាច្រើនរូប​។​

​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ព្រមាន​ថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​តួនាទី​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ មិន​ត្រូវ​បើកដៃ​ឱ្យ​មាន​ការកាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដៃ​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ស្នើសុំ​កាត់​ឆ្វៀល​ដី​រំលោភ​ទន្ទ្រាន​ទាំងនោះ​ឱ្យ​ក្រុម​ជនខិលខូច​ឡើយ នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា នៅ​ខេត្ត​រតនគិរី មាន​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​កើតមានឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ ហើយ​មាន​ការជាប់​ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ដូច​ជា​មេភូមិ​មេឃុំ​ជា​ដើម​ដែល​នៅ​បន្ត​បំពាន​ច្បាប់​ចុះ​ហត្ថលេខា​លើ​លិខិត​ទិញ​និង​លក់​ដី និង​ការចុះហត្ថលេខា​បញ្ជាក់​ពី​ការកាន់កាប់​ដី ដោយ​ខុសច្បាប់ ទោះបីជា​មាន​ការផ្សព្វផ្សាយ អប់រំ​ណែនាំ​ជា​ច្រើនលើក​ច្រើនសា​រួចមក​ហើយ​ពី​សំណាក់ មន្ត្រី​ជំនាញ​យ៉ាងណាក៏ដោយ​។ ការណ៍​នេះ ចាំបាច់​ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់​តឹងរឹង​ប្រឆាំង​នឹង​ការរំលោភ បំពាន​នេះ​។ ឯកឧត្តម សាយ សំ​អាល់ បាន​មានប្រសាសន៍ថា ជន​ដែល​រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​តែងតែ​ត្រូវបាន​ប្រឈម​មុខ​ច្បាប់ ហើយ​បាន​សង្កត់ធ្ងន់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​បរិស្ថាន​ពិតជា​សប្បាយរីករាយ​ក្រៃ​លែង​នៅ​ពេល​ឃើញ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​ស្របតាម​ច្បាប់​»​។​

​សូមបញ្ជាក់​ថា ខេត្តរតនគិរី​មាន​តំបន់ការពារធម្មជាតិ​ចំនួន ៦ ដែល​មាន​ផ្ទៃដី ៨៩៣ ៥៩៤ ហិកតា​ក្នុងនោះ​មានដូចជា​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឧទ្យាន​ជាតិ​អូយ៉ាដាវ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​វើន​សៃ​។ ជាមួយគ្នានេះ មាន​ការរៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១០ ដែល​មាន​ផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយ​បច្ចុប្បន្ន​នេះ​ក្រសួង​បរិស្ថាន​និង​អាជ្ញាធរខេត្ត​បាន​និង​កំពុង​ពង្រឹង​បន្ថែម​តួនាទី​របស់​សហគមន៍​ក្នុង​ការចូលរួម​ការពា​រ​និង​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជាមួយ មន្ត្រី​ជំនាញ​របស់​ក្រសួង​បរិស្ថាន​។ បច្ចុប្បន្ននេះ ខេត្តរតនគិរី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ២៦០៥៥៧​នាក់ និង​មាន​ជនជាតិភាគតិច​ចំនួន ៦០%​នៃ​ចំនួន​ពលរដ្ឋ​សរុប ហើយ​មាន​ជនជាតិភាគតិច​ចំនួន ៨​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែងតែ​ផ្តល់​មតិ​ណែនាំ​ដល់​យើងខ្ញុំ​ថា​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​លើកតម្កើង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​និរន្តរភាព​បរិស្ថាន​និង​ធនធានធម្មជាតិ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ប្រកាសថា ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះ​ដី​ពិតប្រាកដ​សូម​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ជាមួយ​អាជ្ញាាធរ​ពាក់ព័ន្ធ ហើយ​ប្រសិនបើ​មាន​កំណើន​ប្រជាជន​ក្នុង​ឃុំ​ស្រុក ឬ​មាន​បំណង​ចង់​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ប្រជាពលរដ្ឋ អាជ្ញាធរ​អាច​លើក​ជា​គម្រោង​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​។ ឯកឧត្តម​បាន​ថ្លែង​ថា​ត្រូវ​ញែក​ឱ្យដាច់​រវាង​ការ​ឆ្វៀល​ដី​ភូមិដ្ឋាន​ចាស់​ដែល​ពលរដ្ឋ​រស់នៅ​ស្រប​តាម​គោលការណ៍​ស្បែក​ខ្លា និង​ស្នើសុំ​កាត់​ឆ្វៀល​ដី​ដែល​បានមក​ពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។​

​ឯកឧត្តម​បាន​ព្រមាន​ទុកជាមុន​ថា ករណី​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ដែល​បានមក​ពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ជា​ទង្វើ​ខុសច្បាប់ ហើយ​ត្រូវ​ប្រឈមមុខ​ច្បាប់​»​។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំ​អាល់ ក៏បាន​ផ្តល់​ជា​គំនិត​ដល់​អាជ្ញាធរ​ក្នុង​ការគិរគូរ​ជាមួយប្រ​ជា​សហគមន៍ បង្កើត​ជម្រើស​មុខរបរ​ថ្មី​ដូចជា​ការ​ចិញ្ចឹមសត្វ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ក្រៅពី​មុខរបរ​ប្រពៃណី​ដកហូត​អនុផល​ព្រៃឈើ ការ​ទន្ទ្រាន​ដី​ធ្វើ​ចម្ការ​ពនេចរ ហើយ​ក្រសួង​បរិស្ថាន​ត្រៀមខ្លួន​ជួយ​ទាំង​បច្ចេកទេស និង​ថវិកា​។​

​ចក្ខុវិស័យ​និង​ការចូលរួម​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​នេះ​ត្រូវ​បាន​ចែករំលែក​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ដោយ​ឯកឧត្តម​បាន​ថ្លែងថា​៖«​យើងខ្ញុំ​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​យើងខ្ញុំ​ពឹង​អាស្រ័យ​មុខរប​រលើ​ធនធានធម្មជាតិ​ទេ គឺ​មាន​មុខរបរ​ផ្សេង​ក្រៅ​ពី​ការប្រមូល​អនុផល​ព្រៃឈើ ដើម្បី​ទុក​ឱ្យ​ធនធានធម្មជាតិ​មាន​ការរីក​ធំធាត់ និង​ធ្វើឱ្យ​ខេត្ត​រតនគិរី​ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​សម្បូណ៌​ដោយ​ធនធានធម្មជាតិ​ដើម្បី​ផលប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​។ ខ្ញុំ​សូម​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ភូមិ​ឃុំ រួម​នឹង​អង្គការ​សង្គម​ស៊ីវិល​សហការ​គ្នា​ឱ្យបាន​ល្អ ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​»​។​

​សូមបញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​នោះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក៏​បាន​បើក​វេទិកា​សំណួរចម្លើយ ដោយ​ក្នុង​នោះ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រុង​នានា​ខេត្ត​រតនគិរី​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការគ្រប់គ្រង​សំណល់​សំរាម ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​បញ្ហា​មួយចំនួនទៀត​៕
​ដោយ​: ភី សុខ​
​ប្រភពៈ ក្រសួង​បរិស្ថាន​