ខេត្តបាត់ដំបង ត្រៀមទីតាំងជាង៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករខ្មែរមកពីថៃ

Phy Sok, [09.08.21 17:10]

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានត្រៀមទីតាំងជាង៤០កន្លែងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរមកពីថៃ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំស្ដីពី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម តាមរយៈប្រព័ន្ធវីដេអូ ក្រោយអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា រដ្ឋបាលខេត្តបានរៀបចំផែនការត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀមនៅក្រុមគ្រូពេទ្យសម្រាប់ការធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករដែលនឹងចូលមក គឺត្រូវបានចាត់ទុកថាជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដប្រភេទDelta»។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់អំពីការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមិនឱ្យពលករ ឬប្រជាជនលួចចេញចូលបាន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្ដម ងួន រតនៈបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបងបិទខ្ទប់រយៈពេល១៤ថ្ងៃនេះ មានបងប្អូនពលករខ្មែរដែលជាប់គាំងនៅទល់ដែនសរុប ២៤៥នាក់ (ក្នុងនោះខេត្តច័ន្ទបូរី ២៣៤នាក់ និងខេត្តស្រះកែវ ១១នាក់)។

បច្ចុប្បន្ននេះ ខេត្តបាត់ដំបង មានមណ្ឌលចត្តាឡីស័កសរុបចំនួន ២០មណ្ឌល នៅតាមបណ្តាក្រុងស្រុកទាំង១៤ និងមានអ្នកចូលធ្វើចត្តាឡីស័កសរុបចំនួន ៣៧ ៦៥០នាក់ បញ្ចប់ចំនួន ៣៥ ៧៤៥នាក់ និងសល់កំពុងធ្វើចត្តាឡីស័កសរុប ១ ៩០៥នាក់៕ ភី សុខ