ទិវា​អាហារូបត្ថម្ភ​ថ្នាក់ក្រោម​ជាតិ ក្រោម​ប្រធានបទ ការ​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្ដាយ គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត សម្រាប់​ការអភិវឌ្ឍ​មូលធន​មនុស្ស និង​ សេដ្ឋកិច្ចជាតិ​

​ទិវា​អាហារូបត្ថម្ភ​ថ្នាក់ក្រោម​ជាតិ ក្រោម​ប្រធានបទ៖ “ការ​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្ដាយ “ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​សួន​នាគ​សន្តិភាព នា​ថ្ងៃទី ១៦ មករា ឆ្នាំ ២០២០ ដែលមាន​ការចូលរួម ពី​រដ្ឋបាល​ខេត្តបាត់ដំបង មន្ត្រី​ពាក់ព័ន្ធ និង ប្រជា​ពលរដ្ឋ ។

ប្រធានបទ៖ “ការ​បំបៅកូន​ ដោយ​ទឹកដោះ​ម្ដាយ” គឺជា​ជម្រើស​ដ៏​ប្រសើរ សម្រាប់​អភិវឌ្ឍន៍​មូលធន​មនុស្ស​និង​ សេដ្ឋកិច្ចជាតិ ដែល​អាន​ដោយ​ លោកស្រី សុំ ​ចិន្តា បាន​អា​នស​ន្ទ​រថា ក្នុង​ទិវា​អាហារូបត្ថម្ភ ថា ការលើកកម្ពស់​អាហារូបត្ថម្ភ គឺជា​បញ្ហា​អន្តរ​វិស័យ ដែល​តម្រូវឱ្យមាន​កិច្ចសហការ​ល្អ ការសម្របសម្រួល និង​ ការចូលរួម​ដោយ​ការយកចិត្តទុកដាក់ ទៅលើ​ការអន្តរាគមន៍ និង ​ការវិនិយោគ​នៅក្នុង វិស័យ​ពាក់ព័ន្ធ​នានា ដូចជា​វិស័យ​សុខាភិបាល​អប់រំ ការងារ​កសិកម្ម អភិវឌ្ឍន៍ជនបទ ទឹកស្អាត​ និង ​អនាម័យ យេនឌ័រ​សេដ្ឋកិច្ច និង​ការ​គាំពារ​សង្គម​ជាដើម​

​ប្រធានបទ​នេះ​ពាក់ព័ន្ធ លើ​វិស័យ​សុខាភិបាល​អប់រំ និង​សេដ្ឋកិច្ច និង ​មានបំណង បង្កើន​ការយល់ដឹង ជា​សាធារណៈ​អំពី​សារៈសំខាន់ និង ​គុណ​តម្លៃ​ទឹកដោះ​ម្ដាយ សំដៅ​ផ្លាស់ប្ដូរ​ឥរិយាបថ អ្នកពាក់ព័ន្ធ ពិសេស​មាតាបិតា​អាណាព្យាបាល គ្រប់រូប​លើ​ការអនុវត្ត​បំបៅ កូន​ដោយ​ទឹកដោះ​ម្ដាយ ក្នុងអំឡុងពេល 1 ម៉ោង​ដំបូង បន្ទាប់ពី​សំរាល ហើយ​ការ​បំបៅកូន​ដោយ​ទឹកដោះ ម្ដាយ​តែមួយ​មុខ​គត់ សម្រាប់​កុមារ​អាយុ 6 ខែ​ដំបូង នឹង​បន្ត​បំបៅកូន​ដោយ​ទឹកដោះ ម្ដាយ​រហូតដល់ កុមារ​មាន​អាយុ 2 ឆ្នាំ​យ៉ាងតិច ឬ​លើសពីនេះ ជាមួយនឹង​ការផ្តល់​អាហារ​បន្ថែម ឱ្យបាន​សមស្រប​សម្រាប់ កុមារ​អាយុ ពី 6 ខែ​ឡើងទៅ​។

​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ដល់​ស្ត្រី​ដែលជា​ម្ដាយ​និង​ទារក ទើប​កើត​ទាំង​ផ្នែក​សុខភាព និង ​ទាំង​សតិបញ្ញា​ស្មារតី ព្រមទាំង​បានផ្ដល់​ដល់​ទារ​កនៅ ការចាប់ផ្ដើម​ជីវិត​ដ៏​ល្អ ព្រោះ​ទឹកដោះ​ម្ដាយ មាន​ផ្ទុក​រាល់​សារជាតិ ចិញ្ចឹម​ទាំងអស់ ដែល​ទារក​ត្រូវការ និង​ជា​ថ្នាំ​បង្ការ​ដំបូង​បំផុត សម្រាប់​ការពារ​ទារក ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​។

​យុទ្ធនាការ អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់ នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​បន្ត​ជំរុញ ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅពិនិត្យ​ផ្ទៃពោះ មុនពេល​សម្រាល និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព និង ​បន្ត​ផ្តល់​សេវា​សុខភាព និង ​យកចិត្តទុកដាក់​ថែទាំ សុខភាព​មាតា​និង​កុមារ​តាមរយៈ​ការពង្រីក បន្ថែម​មន្ទីរពេទ្យ និង​សហគមន៍ ស្រឡាញ់​ទារ​កនៅ​ទូទាំងប្រទេស​ជាដើម​៕

អត្ថបទ៖ លោក ម៉ូត ​វោ​យ ហូ​