រដ្ឋមន្ត្រីក្រសួងសាធារណៈការ បញ្ជាឲ្យក្រុមការងារ បច្ចេកទេសជួសជុល កំណត់ផ្លូវជាតិលេខ ២១ បេ ពន្លឿនការងារ ឱ្យលឿនបំផុត និងមានគុណភាពរឹងមាំ


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង ប្រធានគណៈការ និងដឹកជញ្ជូន បានបញ្ជាឲ្យក្រុមការងារ បច្ចេកទេសជួសជុល កំណាត់ផ្លូវជាតិលេខ ២១ បេ ពន្លឿនការស្ថាបនា ឲ្យបានលឿនបំផុត និងមានគុណភាពរឹងមាំ ដើម្បីសម្រួលដល់ ការដឹកជញ្ជូនឆ្លង និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល។ កំណើតផ្លូវជាតិលេខ ២១ បេ មានប្រវែង ៣ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ ២ ដល់រង្វង់មូលស្ពាន ព្រែកសំរោង ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល ដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង ចុះពិនិត្យមើល ស្ឋានភាពដើម្បីរៀបចំ ជួសជុល ស្ដារឲ្យប្រសើរឡើងវិញ។ ការចុះពិនិត្យ នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលលទ្ធភាព នៃការជួសជុល ស្ដារឲ្យប្រសើរឡើង កំណាត់ផ្លូវនេះ ដោយប្រើគ្រឿងចក្រ ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ ចរាចរណ៍ បរិស្ថាន នឹងអាចជួយឱ្យផ្លូវ កាន់តែមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ អង្វែង និងជួយសម្រួល ដល់ ការធ្វើដំណើរ និងការដឹកជញ្ជូន ទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋ បានឆាប់រហ័សទាន់ពេលវេលា។


ថ្លែងក្នុងដំណើរ ចុះពិនិត្យផ្លូវ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកាកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារ បច្ចេកទេសក្រោមឱវាទ អនុវត្តការជួសជុល ផ្លូវនេះ ត្រូវពន្លឿនការជួសជុល ឲ្យបានលឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថា ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ធ្វើយ៉ាងណាបញ្ចៀស ការកកស្ទះ ចរាចរណ៍ ក្នុងអំឡុងពេលសាងសង់ មិនបង្កការរំខាន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសត្រូវអនុវត្ត ការងារសាងសង់ នៅចន្លោះម៉ោងណា ដែលមានចរាចរណ៍តិច ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងយកចិត្តទុកដាក់ពន្លឿន ការងារសាងសង់ ឲ្យបានឆាប់រហ័សផងដែរ។


សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ២១ បេនេះ មានប្រវែងសរុប ១២ គីឡូម៉ែត្រ ចាប់ពីចំណុច ផ្លូវបំបែកផ្លូវជាតិ លេខ ២ រហូតដល់ ចំណុចចុងបញ្ចប់ ឋិតនៅផ្លូវបំបែក ផ្លូវជាតិលេខ ១ ដោយឆ្លងកាត់ស្ពាន ព្រែកសំរោងផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពូជា