អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២២ ដោយរៀបចំនៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ និងកីឡដ្ឋានព្រីនស៍

កម្ពុជាបានទទួលសិទ្ធិ ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់ទាត់ ជើងឯកយុវជន
កម្ពុជាបានទទួលសិទ្ធិ ធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯក យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២៣ ឆ្នាំ ហៅកាត់ថា(AFF U២៣ Championship ២០២២) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភ ឆ្នាំ ២០២២ ខាងមុខ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លឹបបាល់ទាត់វិសាខា។ នេះបើយោងតាម ការប្រកាសផ្លូវការ របស់សហព័ន្ធបាល់ទាត់កម្ពុជា នៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកានេះ។

នេះជាដំណឹងដ៏រំភើប សម្រាប់បងប្អូនអ្នកគាំទ្រកម្ពុជា ដែលទន្ទឹងរង់ចាំ មើលការប្រកួតអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ត្រ ដ៏មហាសាល ទើបសាងសង់រួចរាល់ កាលពីពេលកន្លងទៅថ្មីៗ នេះ និងជាកន្លែងត្រៀម ស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នេះការប្រកួតកីឡាស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បន្ទាប់ពីកម្ពុជា បានខកខានក្នុងការដេញថ្លៃ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF SUZUKI CUP កាលពីពេលកន្លងទៅនេះ។
ឧត្តម នាយឧត្តមសេនីយ៍ សៅសុខា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញ សេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ AFF U ២៣ Cham phionship ២០២២ ហើយឯកឧត្តមបាន អរគុណ សហព័ន្ធកីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ (AFF) ដែលជឿទុកចិត្តកម្ពុជា ដើម្បីរៀបចំ ព្រឹត្តិការណ៍នេះ។ ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមបានប្ដេជ្ញា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាថា ការប្រកួតព្រឹកទៅ ដោយសុវត្ថិភាព ហើយក្លាយជាម្ចាស់ផ្ទះ រៀបចំការប្រកួត បាល់ទាត់យុវជន ល្អបំផុតនៅអាស៊ាន នាឆ្នាំក្រោយ។ សម្រាប់ ព័ត៌មានលំអិត អំពីក្រុមចូលរួម និងកាលវិភាគប្រកួត សហព័ន្ធនិងបញ្ជាក់ ជូននាពេលក្រោយ។ ប៉ុន្តែសមាជិករបស់ AFF ដែលមាន ចូលរួម ការប្រកួត ថ្នាក់តំបន់ នាពេលកន្លងមក គឺមានចំនួន ១២ ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ប្រ៊ុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ត្រាលីផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា