សាកលវិទ្យាល័យជាតិបាត់ដំបង ចុះMOUជាមួយសាលាភូមិន្ទរដ្ឋបាលជាផ្នែកមួយពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា

បាត់ដំបង៖សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU)ជាមួយសាលាភូមិន្ទរដ្ឋបាលដែលជាសាលាបណ្ដុះបណ្ដាលមន្រ្តីរាជការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។


ថ្លែងក្នុងពិធីចុះMOU នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងថា ការចុះអនុស្សារណៈយោគយល់គ្នានៅពេលនេះ គឺមានបំណងសំខាន់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការសិក្សាអប់រំ ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ ព្រមទាំងគម្រោងផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក នាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះ លោក សុខ ឃន បានស្នើដល់នាយកសាលាភូមិន្ទរដ្ឋបាល ផ្ដល់អាទិភាពជូនដល់មន្រ្តីរាជការ និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងមានឱកាសបានបន្តសិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងវែងនៅសាលាភូមិន្ទរដ្ឋបាលតាមរយៈការប្រឡងប្រជែងនានា។
លោក សុខ ឃន បានបន្ថែមថា សាកលវិទ្យាល័យជាតិបាត់ដំបងនឹងសហការជាមួយសាលាភូមិន្ទរដ្ឋបាលក្នុងការបើកវគ្គបណ្ដុះបណ្ដាលជូននិស្សិត សាធារណជន និងមន្រ្តីរាជការនៅតាមមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងភូមិភាគពាយ័ព្យ។

ជាការឆ្លើយតប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានថ្លែងថា សាកលវិទ្យាល័យជាតិបាត់ដំបងជាសាលាមួយដែលមានសក្ដានុពលខ្លាំង និងមានផ្ទៃដីធំទូលាយជាងសាលានានានៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់ពីការចុះMOUនេះទៅ មន្រ្តីរាជការនៅក្នុងខេត្តបាត់ដំបង និងនៅភូមិភាគពាយ័ព្យទាំងមូលនឹងទទួលបានការបណ្ដុះបណ្ដាលរយៈពេលខ្លីពីសាលាភូមិន្ទរដ្ឋបាល ជាពិសេសនិស្សិតអាចស្វែងយល់ពីការអនុវត្តន៍ការងារជាក់ស្ដែងពីមន្រ្តីជំនាញ។
នេះជាឱកាសល្អសម្រាប់និស្សិតដែលកំពុងសិក្សាជំនាញរដ្ឋបាលសាធារណៈ និងជំនាញអភិបាលកិច្ច អភិវឌ្ឍ និងគោលនយោបាយសាធារណៈ ក៍ដូចជាជំនាញនីតិសាស្រ្តនៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងមានឱកាសសិក្សាជាមួយកម្មវិធីស្តង់ដាជាតិ វាគ្មិនល្បីៗ និងអាចចូលរួមវគ្គបណ្តុះបណ្តាលនានា។
ភី សុខ