រយៈពេលបីថ្ងៃ នៃពិធីបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ជិត ១២ ម៉ឺននាក់


យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងរយៈពេល បីថ្ងៃ នៃពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅនេះ ភ្ញៀវទេសចរបានមកដើរកម្សាន្ត តាមរមណីយដ្ឋាន នានាក្នុងខេត្តសៀមរាប មានចំនួនប្រមាណជិត ១២ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ជាង ១១ ម៉ឺននាក់ ភ្ញៀវទេសចរណ៍មកតាមពីបណ្ដាខេត្ត មានចំនួន ពី ៧០ទៅ៨០% ដែលធ្វើដំណើរមកកំសាន្ត តាមលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរ មានចំនួនជិត ៨ ម៉ឺននាក់ រមណីយដ្ឋានឧទ្យានជាតិ ភ្នំគូលែន មានចំនួនប្រមាណ ជាង ១២ ម៉ឺននាក់ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងតំបន់ផ្សេង មានចំនួនប្រមាណជាង ២៥000 នាក់ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួនជាង ១១00 នាក់ ហើយភាគច្រើន គឺជនជាតិចិន។


លោក ង៉ូវសេងកាក់ រត់ធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរដែលទៅកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ជារួមឃើញថា ភាគច្រើនបាន គោរព អនុវត្តវិធានការ ក្រសួងសុខាភិបាល ដោយមានការបាញ់អាល់កុល វាស់កំដៅ ពាក់ម៉ាស់ មុនទៅទស្សនា តាមរមណីយដ្ឋាននានា។ ចំពោះនៅតាមទីប្រជុំជន ក្រុងវិញ បើទោះបីយើង កំពុងធ្វើការស្ថាបនា ផ្លូវក៏ពិតមែន ប៉ុន្តែសណ្ដាប់ធ្នាប់រៀបចំ បានយ៉ាងរលូន។ ទោះបីជាយ៉ាងនេះក្តី យើងក៏បានជួបការលំបាក ខ្លះៗដែរដូចជា ពាក់ព័ន្ធនិងអាហារដ្ឋាន យើងនៅមានការខ្វះខាត ដោយសារយើងមិនទាន់បាន រៀបចំបើកឡើងវិញ ឲ្យបានគ្រប់គ្រាន់នៅឡើយ ដោយម្ចាស់អាហារដ្ឋាននីមួយៗ មិននឹកស្មានថា មានភ្ញៀវទេសចរ មកកម្សាន្តច្រើនបែបនេះទេ។
សូមបញ្ជាក់ថា នៅរយៈពេលពីរឆ្នាំចុងក្រោយ នេះជាលើកទីមួយហើយ ដែលបានឃើញស្ថានភាព ទេសចរណ៍មកកំសាន្ត នៅខេត្តសៀមរាប ច្រើនបែបនេះ៕ ប្រភព AKP