អភិបាលខេត្តបាត់ដំបងថ្មី ប្ដេជ្ញាដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ និងការពារប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលទើបចូលកាន់តំណែងថ្មី បានបង្ហាញពីការប្ដេជ្ញាចិត្តខិតខំ និងបន្តដោះស្រាយទំនាស់ដីធ្លី និងករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសប្រកាសចូលកាន់តំណែងជាអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ លូ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដែលបានផ្តល់សេចក្តីទុកចិត្ត ផ្ទេភារកិច្ចឯកឧត្តមពីអភិបាលខេត្តកំពង់ធំ មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលជាទឹកដីកំណើត ខណៈឯកឧត្តមបានចាកចេញដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ និងបំពេញការងារនៅខេត្តកំពង់ធំ អស់រយៈពេលប្រមាណជា៣០ឆ្នាំមកហើយ។

ដើម្បីឆ្លើយតបឲ្យបានស័ក្កិសមចំពោះជំនឿទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹងនាំក្រសួងមហាផ្ទៃ ឯកឧត្តម សុខ លូ បានប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ខិតខំគោរព និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលខេត្ត។

 ជាមួយគ្នានោះ ឯកឧត្តម បានប្រកាសចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។ បំពេញតាមតួនាទី និងភារកិច្ច ឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថែមទៀត ឲ្យស្រមតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន និងស្រមតាមផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈស្របតាមការអភិវឌ្ឍ នៅមូលដ្ឋានប្រកបដោយសមធម៌ និងមានចីរភាពដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ធានានិរន្តភាពកិច្ចការរដ្ឋបាលសាលាខេត្ត និងជំរុញការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញចូលតែមួយ និងតាមយន្តការនៃការផ្តល់សេវាផ្សេងៗទៀត ឲ្យបានកាន់តែល្អប្រសើ។

ឯកឧត្តម ក៏បានប្ដេជ្ញាខិតខំ និងបន្តពង្រឹង ផ្សព្វផ្សាយ ជំរុញឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពដើម្បីរួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមនៅគ្រប់មូលដ្ឋាន។ជាពិសេសបង្កើនសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្តជាប់ព្រំប្រទល់ និងរដ្ឋបាលខេត្តដទៃ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា និងចូលរួមយ៉ាងសកម្មជំរុញការអភិវឌ្ឍក្នុងខេត្តបាត់ដំបងឲ្យបានកាន់តែរីកចម្រើនថែមទៀត ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង៕