ផលប៉ះពាល់​សុខភាព ដោយ​ផ្សែង​បារី នៅតាម​ភោជនីយដ្ឋាន​


​ ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង បាន​និយាយ​ពី​បញ្ហា​ការ​បង្ហុយផ្សែង​បារី​នៅតាម​ភោជនីយដ្ឋាន ដោយសារ​អ្នក​ជក់បារី​មួយចំនួន​បាន​ជក់​មិន​ក្រែង​ចិត្ត និង​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​អ្ន​ដទៃ បើទោះបីជា​ស្លាក​សញ្ញា​ហាមឃាត់ និង​ផាកពិន័យ​ក៏ដោយ​។​
លោក សុខា រស់នៅ ក្រុង​បាត់ដំបង បាន​និយាយថា​៖ លោក​ជា​អ្នកចេះ​ជក់បារី ហើយក៏​បានដឹង​ពី​ផលប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង និង​អ្នកដទៃ​ដែរ ប៉ុន្តែ​លោក​មិនទាន់​អាច​ផ្តាច់ការ​ជក់បារី​បាន​។ យ៉ាងណាមិញ នៅពេល​លោក​ទៅ​ញុំាំអី​តាម​ភោជនីយដ្ឋាន​នានា លោក​ក៏មាន​ការ​ក្រែង​ចិត្ត​ណាស់ដែរ ខ្លាចក្រែង​ការ​បង្ហុយផ្សែង​បារី ខាន​ដល់​អ្នកជិតខាង​។​

ចំណែក បងស្រី សុ​ភី ឈ្មោះ​ដែល​កម្មវិធី​ស​ន្ទា​ន​មតិ​ដាក់ជូន ជា​ម្ចាស់​ហាង​អាហា​រដ្ឋា​ន​មួយកន្លែង​ក្នុង​ក្រុង​បាត់ដំបង បាន​លើកឡើងថា​៖ មាន​ភ្ញៀវ​ខ្លះ​ចេះ​ជក់បារី​និង​ខ្លះ​មិនចេះ​, ភ្ញៀវ​ខ្លះ​ធុំក្លិន​ផ្សែរ​បារី​មិនបាន ប៉ុន្តែ​បងស្រី​ថា​ពិបាក​នឹង​ប្រាប់​ភ្ញៀវ​ដែល​ជក់​ក្បែរ​គ្នា​នោះ​ឲ្យ​ឈប់​ពិសារ​បារី​ណាស់​។ បងស្រី​បាន​បញ្ជាក់ថា កន្លង​មកដល់​បច្ចុប្បន្ន​គឺ​មិនឃើញ​ការណែនាំ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទៅ​ផ្សព្វផ្សាយ​ពី​ការផាកពិន័យ និង​ហាមឃាត់​ជក់បារី​នៅតាម​ទីសាធារណៈ​ទេ​។​

តាម​របាយការណ៍៖ មួយចំនួន និង​គ្រូពេទ្យ​ជំនាញ​ជាច្រើន​បាន​បង្ហាញថា ការជក់បារី​នៅតាម​ទីសាធារណៈ​គឺមាន​ផលប៉ះពាល់​ខ្លាំងណាស់​ចំពោះ​អ្នក​នៅ​ជុំវិញ​ជាជាង​អ្នក​ជក់​ខ្លួនឯង ដូចជា​កុមារ ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​។ បញ្ហា​នេះ យោងតាម​អនុ​ក្រឹ​ត​លេខ ៤៣ អនក្រ​.​បក ស្តីពី​វិធាន​ការហាម​ជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​ទីសាធារណៈ ជន​ណា​ជក់បារី​នៅ​កន្លែង​ហាមឃាត់​ត្រូវ​ពិន័យ ២០០០០​រៀល​។ «លើសពីនោះ​បើ​ចាប់បាន​អ្នក​ជក់បារី​ក្នុង​ភោជនីយដ្ឋាន ឬ​សណ្ឋាគារ នឹងត្រូវ​ផាកពិន័យ​គុណ​នឹង​២​ដង ទៅលើ​ម្ចាស់​ហាង​តែម្តង ដែល​ស្មើ​៤​ម៉ឺន​រៀល​ក្នុង​មួយដង​»​។ ទោះយ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​មួយចំនួន​យល់ថា ការទប់ស្កាត់ និង​ការផ្សព្វផ្សាយ​មាន​កម្រិត​នៅឡើយ​។​

អត្ត​បទ៖ (បទយកការណ៍) ហ៊ាន វាសនា​