ការបើកលេងល្បែង Net កើតស្គុះស្គាយពេញកណ្តាលក្រុងបាត់ដំបង ជាក្តីព្រួយបារម្ភរបស់ពលរដ្ឋ

 ល្បែងណេត រឺ ហៅម្យ៉ាងទៀតល្បែង Slotsgame បានបើកព្រោងព្រាត ក្នុងក្រុង បាត់ដំបង ដែលយើងឃើញជាក់ស្តែងមិនតិចជាង១០កន្លែងនោះទេ បុន្តែ ប្រភពខ្លះថា ប្រហែល៣០ កន្លែង ដែលបានបើក លេងទាំង ថ្ងៃ ទាំងយប់ យ៉ាងអានាធិបតេយ្យ មិនឃើញមានការបង្រ្កាប ។


ដោយប្រភព ក្រៅផ្លូវការខ្លះថាទំនងមានពាក់ព៏ន្ធមន្រ្តីខិលខូចមួយចំនួនតូចផងដែរ ទើបដំណើរការល្បែងនេះបានរលូន។

នៅទីតាំងល្បែងទាំងនេះ គេបើករបៀប លួចលាក់ ដោយស្ទើរគ្រប់ទីតាំងទាំងនោះ ទ្វារចូលតែង តែធ្វើពីកញ្ចក់ពណ៌ ស ស្រអាប់ នឹងសរសេរអក្សរ រុញរឺទាញលើនោះ កន្លែងខ្លះទ្វារបិទជិត កន្លែងខ្លះ បង្ហើបទ្វារតូចល្មម ហាក់ដូចជា សញ្ញាមួយបង្ហាញថាទីតាំងនេះមានបើកល្បែងNet ដើម្បីងាយស្រួល អ្នកវក់នឹង ល្បែងនេះបានដឹង និងចូលលេងហើយប្រាប់តៗគ្នា។

ប្រភពអោយដឹងថានៅទីតាំងល្បែងទាំងនោះឃើញមានក្រុមយុវជន ជិះម៉ូតូចេញចូល លេងនៅ ទីតាំង ផ្ទាល់ ខ្លះបើកអាខោនលេងពីផ្ទះទៅតាមទូរស័ព្ទ ដោយទំនាក់ទំនងទៅតាំង ទាំងនោះជាមុនសិន ដើម្បីបាន លេងជាដើម ។

អ្នកលេងល្បែងNet ម្នាក់បានអោយដឹងថា អ្នកលេងល្បែងនេះគឺ លេងមិនដែលឃើញឈ្នះនោះទេ គឺខ្លះ ចាញ់ពី៥ដុល្លាររហូតដល់រាប់រយដុល្លារ ដោយសារល្បែងទាំងនេះ គេបានset up ក្នុងកុំព្យូទ័រ ស៊ីរួច ជាស្រេច គឺអ្នកលេងមិនអាចឈ្នះបានទេ ។ អ្នកលេងខ្លះវក់លេងទាំងយប់ទាំងថ្ងៃ ខ្លះលួច លុយឪពុក ម្តាយ ខ្លះបញ្ចាំម៉ូតូ កាតគ្រី ទូរស័ព្ទ លេង ក៏មាន ។ ហើយក្មេងខ្លះវក់នឹងល្បែង មិនចូលផ្ទះ គេចសាលា មិនចូលរៀនជាដើម។ បន្ថែមពីនោះវាហាក់ធ្វើអោយប៉ះពាល់ដល់ ការអនុវត្តន៍គោលការណ៍ ភូមិឃុំមានសុវត្ថិភាព ដែលចំណុចមួយនិយាយថាគ្មានល្បែងស៊ីសង ។


អ្នកលេងអោយដឹងទៀតថាល្បែងnet នេះ មានល្បែងគ្រប់ប្រភេទ ដូចជាចាក់បាល់ បៀការ៉ាត់ បាញ់ត្រីonline ល្បែងជល់មាន់ និង ស្លុតហ្គេម ជាដើម ។
ប្រភពបង្ហើបថាម្ចាស់ទីតាំងល្បែងទាំងនោះត្រូវបានស្គាល់ខ្លះៗថា មានឈ្មោះខេង មាន ទីតាំងក្បែរ ផ្ទះសំណាក់ ២៣តុលា ,ឈ្មោះ ខុមហៅតាក់បើកផ្តុំផ្សារទំនើប (គុកចាស់) ឈ្មោះពន្លក បើកនៅ ផ្លូវឡឺវែល ចាស់ , ឈ្មោះធឿន និង យោ ជាដើម ។
ទោះបីយ៉ាងណាយើងមិនទាន់អាចសុំទំនាក់ទំនងម្ចាស់ទីតាំងទាំងនេះបំភ្លឺជុំវិញការបើកល្បែងnetនេះ បាននៅឡើយទេ។
សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះម្នាក់បានអោយដឹងថាល្បែងNet នេះជាប្រភពនាំអោយមានចោរកម្ម ចោរលួច ចោរឆក់ ដើម្បីបានលុយមកលេង និង ក៏ជាកន្លែងដែលប្រើប្រាស់គ្រឿងញៀនផងដែរ ។
ប្រភពខាងលើនេះបានបង្ហើបថាកន្លងមកនេះមុខសញ្ញាចោរឆក់ ចោរលួច និងប្រើប្រាស់ គ្រឿងញៀន ជាដើមត្រូវបានសមត្ថកិច្ចតាមចាប់ឃាត់ខ្លួននៅក្នុងទីតាំងទាំងនេះជា ហូរហែរមកដែរ ។
ប្រភពខាងលើបានអោយដឹងថាបើនៅតែអនុញ្ញាតិអោយបើកលេងល្បែង ស៊ីសងអនឡាញនេះបន្តទៀត អំពើរចោរកម្ម និង អសន្តិសុខផ្សេងៗ គឺនៅតែបន្តកើត បង្រ្កាបមិនងាយអស់នោះទេ ។
ទាក់ទងការបើកល្បែងស៊ីសងអនឡាញនេះ លោក ពេជ្យ សារ៉ែន អធិការនគបាលក្រុងបាត់ដំបង បានអោយដឹងថា លោកទើបឡើងតំណែងថ្មីមិនទាន់ដឹងច្បាស់នោះទេ ដោយលោករវល់បង្រ្កាបតែ ករណីចោរកម្មនិងគ្រឿងញៀន ។ប៉ុន្តែលក់ថាបានដាក់ កម្លាំង ទៅធ្វើការស្រាវជ្រាវនៅទីតាំងទាំងនោះ ថាតើមានច្បាប់អនុញ្ញាតិរឺយ៉ាងណានោះហើយ ។លោកនឹង ធ្វើការប្រជុំពិភាក្សាបន្ថែមពីការងារនេះ ។
លោក លឹម ពុទ្ធាឡា ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ទទួលបន្ទុកព្រហ្មទ័ណ្ឌ បានមានប្រសាសន៍ថាលោកមិនដឹងច្បាស់ដែរ ដោយលោកថាល្បែងនេះឃើញមានច្បាប់មានទម្លាប់ដែរ តែលោកមិនដឹងថាគេអនុញ្ញាតិអោយលេងរបៀបម៉េចនោះទេ។ ដោយលោករុញ អោយសួរ ទៅកាន់ ការិយាល័យជំនាញការិយាល័យព្រហ្មទ័ណ្ឌដែលធ្វើកិច្ចការងារនេះ ។
យើងមិនទាន់អាចទំនាក់ទំនងមន្រ្តីជំនាញដែលធ្វើការងារនេះ ដើម្បីបំភ្លឺរឺបកស្រាយ បន្ថែមបាន នៅឡើយទេ ។
ក្រៅពីល្បែងnet កើតព្រោងព្រាត ល្បែងចាក់កន្ទុយលេខ ឆ្នោតយួន ឆ្នោតសៀម ក៏បានបង្កប់ លេងយ៉ាងអានាធិបតេយ្យផងដែរ បើទោះមានការបង្រ្កាបខ្លះៗក៏ដោយ៕ ភី សុខ