សម្ភោ​ធ​អាគារ​សិក្សា​មួយ​ខ្នង សាលាបឋមសិក្សា​តាពូង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​

​អាគារ​សិក្សា​មួយ​ខ្នង​តម្លៃ​ជាង ៤​ម៉ឺន​ដុល្លា​អា​មេ​រិច ត្រូវបាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់ នៅ​សាលាបឋមសិក្សា​តា​ពូ ស្រុក​ថ្មគោល នា​ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០២០ ។​

​លោក កឹម វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្មគោល​បានឱ្យដឹងថា អាគារ​សិក្សា​ថ្មី ជា​អំណោយ​របស់​អង្គការ សម្រេច​សុបិន​កុមារ គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត ក្នុងចំណោម​សមិទ្ធិផល​ជាច្រើន ផ្នែក​វិស័យ​អប់រំ របស់​ស្រុក​ថ្មគោល ក្រមការ​ជួយឧបត្ថម្ភ​របស់​អង្គការ​ជាតិ​អន្តរជាតិ​នានា របស់​រាជរដ្ឋាភិបាល​សប្បុរសជន ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ហើយ​អាគារ​សិក្សា​និង​បង្គន់​អនាម័យ រួមទាំង​ការ​បំពាក់គ្រឿងសង្ហារឹម ដោយ​ចំណាយ​ថវិកា​អស់​សរុប​ចំនួន ជាង ៤ ម៉ឺន​បី​ពាន់​ដុល្លារ​។​

​លោក​ អ៊ុយ សុធាវី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ដ​បាត់ដំបង បាន​បញ្ជាក់ថា បច្ចុប្បន្ន​វិស័យ​អប់រំ​ក្នុង​ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​វិ​វ​ឌ្ឍ​រីកចម្រើន ទាំង​បរិមាណ​និង​គុណភាព ពី​ទីក្រុង​ទីប្រជុំជន​រហូតដល់​ចុងកា​ត់មាត់​ញ៉​ក ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​ជម្រុញ​សាលារៀន​ឲ្យ​បាន​នៅ​ជិត និង​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​អភិវឌ្ឍ​ធនធានមនុស្ស​។

សូម​ញ្ជា​ក់ថា អាគារ​មួយ​ខ្នង​នេះ មាន ៤ បន្ទប់ និង​បង្គន់​អនាម័យ ១ ។​

អត្ថបទ៖ វោ​យ ហូ​