កិច្ចប្រជុំ សាមញ្ញលើកទី 27 របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី ៣

Mot Voyho, [17.08.21 17:43]

ឯកឧត្តមអ៊ុយរី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាគណៈធិបតី ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី 27 របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី 3 ប្រចាំខែកក្កដា ឆ្នាំ 2021 កាលពីថ្ងៃទី 17 ខែសីហានេះ។

កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្នុងគោលបំណង ពិនិត្យទៅលើ សកម្មភាព និងផលិតផល របស់គណៈអភិបាលខេត្ត ក៏ដូចជាវិស័យនានា របស់រដ្ឋបាលខេត្ត ក្នុងខែកក្កដាកន្លងមកនេះ តើអនុវត្ត សម្រេចបានលទ្ធផល យ៉ាងណាខ្លះ សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង។ ទោះបីជា គ្រប់វិស័យរបស់រដ្ឋបាលខេត្ត ក្នុងខែកក្កដាកន្លងទៅនេះ បានប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចបានលទ្ធផលផ្លែផ្កា គួរកត់សម្គាល់ក៏ពិតមែន តែបញ្ហាប្រឈម ក៏នៅមាន មួយចំនួនផងដែរ។ នេះបើយោងតាមរបាយការណ៍ របស់លោកជំទាវ ញុឹក សាគន្ធ ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ ក៏ដូចជារបាយការណ៍សង្ខេប របស់លោកមូលធន នាយករដ្ឋបាល សាលាខេត្តបានបញ្ជាក់ ក្នុងកិច្ចប្រជុំនេះ។

បញ្ហាប្រឈមទាំងនោះរួមមាន ការងាររបស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ មានការព្រួយបារម្ភ ពីការរីករាលដាល នៃជំងឺកូវិត 19 និងបញ្ហាប្រឈម របស់រដ្ឋបាលខេត្ត រួមមាន ខ្វះការសហការ ផ្ដល់ស្ថិតិ អាជីវកម្ម សេវាកម្មទេសចរណ៍ ពីបណ្ដាការិយាល័យ ច្រកចេញចូលតែមួយ តាមស្រុកឆ្ងាយឆ្ងាយ ក៏ដូចជាការគ្រប់គ្រង សំណល់ នៅតាមទីសាធារណៈ ពុំទាន់បានល្អនៅឡើយ ព្រមទាំងបញ្ហាជំនាញ បច្ចេកទេស របស់មន្ត្រីប្រៃសណិយ និងទូរគមនាគមន៍ នៅមានកម្រិត ពេលចុះត្រួតពិនិត្យ អង់តែនទូរសព្ទ និងវាស់ ស្ទង់គុណភាពសេវា និងអាណាព្យាបាលសិស្ស មួយចំនួន មិនបានយកចិត្តទុកដាក់ ជំរុញនឹងបង្រៀនកូនៗ របស់គាត់នៅផ្ទះបន្ថែម ជាហេតុធ្វើឲ្យសិស្សទាំង នោះ មិនបានរៀនសូត្រពេញលេញ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយរី បានកោតសរសើរ និងអបអរសាទរ ចំពោះសមិទ្ធផល ដែលបានកើតឡើង ពីការខិតខំប្រឹងប្រែង ក្នុងការអនុវត្ត របស់គណៈអភិបាលខេត្ត ក្នុងខែកក្កដាកន្លងមកនេះ ដោយសម្រេចបានលទ្ធផលផ្លែផ្កា យ៉ាងល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋយើង។ ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម ឯកឧត្តមបានឯកភាព ក្នុងការដោះស្រាយ របស់គណៈកម្មាធិការ កិច្ចការស្ត្រីនិងកុមារ ដែលបានជំរុញ និងអប់រំ ផ្សព្វផ្សាយនូវវិធានការ 3 កុំ និង 3 ការពារ របស់ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ និងជំរុញលើកទឹកចិត្ត បងប្អូនប្រជាពលរដ្ឋ ឱ្យទៅចាក់វ៉ាក់សាំង ការពារជំងឺកូវិត 19 ឲ្យបានគ្រប់គ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តមរាប់បានសំណូមពរ ដល់គណៈអភិបាលខេត្ត បន្តរួមគ្នាដោះស្រាយ នូវបញ្ហាប្រឈមនានា ដែលបានអនុវត្ត ក្នុងខែកក្កដាកន្លងមក ឲ្យទទួលបានជោគជ័យ ជាបន្តទៀត។

សូមបញ្ជាក់ផងដែរថា អង្គប្រជុំ ក៏បានពិនិត្យ និងអនុម័ត ទៅលើបញ្ហាមួយចំនួន ដែលបានគ្រោងទុកផងដែរ៕ អត្ថបទ ម៉ូតវ៉ោយហូរ