ក្រុមចោរឆក់ទូរស័ព្ទដៃវ័យក្មេងបីនាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទតាមផ្លូវក្នុងក្រុងបាត់ដំបង នោះ ត្រូវបាន កម្លាំងការិល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបង ក្របួចបាន រួមទាំងវត្ថុតាង មកចាត់ការតាមច្បាប់ នាម៉ោងជា ១០យប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២២ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបង បានអោយដឹងថាកម្លាំងលោកបានធ្វើ ការឃាត់ខ្លួនក្រុមចោរវ័យក្មេងទាំងបីនាក់នេះ ភ្លាមៗ ក្រោយពីសកម្មភាព ឆក់ទូរស័ព្ទស្រ្តី ម្នាក់មិនបានមួយម៉ោង ។
លោកបញ្ជាក់ថាជនសង្ស័យទាំងបីនាក់នេះបានជិះម៉ូតូ១គ្រឿងមានគ្នាបីនាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ដៃស្រ្តីម្នាក់ឈ្មោះ សោ ថាវ័ន្ត អាយុ២៧ ឆ្នាំមានទីលំនៅ ភូមិ ស្តីស្ទឹង ឃុំ តាលាស់ ស្រុក មោងឬស្សី ដែលកំពុងជិះម៉ូតូតាមដងផ្លូវមកដល់ចំណុចភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាល អោយស្រ្តីរងគ្រោះដួលម៉ូតូរបួសក្រឡិចក្រឡាញដៃជើង ។ លោកបន្ថែមថា ដោយទទួលបានព័ត៌មាន កម្លាំងលោកបានស្ទាក់ចាប់បានភ្លាមៗ បញ្ជូនមកស្នងការនគបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចអោយដឹងថាជនសង្ស័យចោរឆក់ទូរស័ព្ទទាំងបីនាក់នេះ មានឈ្មោះ ឡេង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ២.ឈ្មោះ លី ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ ៣.ឈ្មោះ លួម ចាន់ថា ភេទប្រុស អាយុ ២០ឆ្នាំ
ពួកគេទាំងបីនាក់រស់នៅ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួសមាន – ម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៧ ស្លាកលេខ បាត់ដំបង 1AE7425 ( ជា ម៉ូតូធ្វើសកម្មភាព ) និង ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ) ។
លោក គឹម សុងបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់នេះ សុទ្ធតែជាក្មេងទំនើង ដែលកម្លាំងលោកធ្លាប់នាំមកអប់រំ នាពេលកន្លងមកដែរ ។ លោកបញ្ជាក់ថា ក្រុមចោរឆក់នេះវាកើតចេញពីក្មេងទំនើង ដើរលេងយូរៗទៅ បែកគំនិត្តឈានទៅប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ។
បច្ចុប្បន្ននេះជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចកសាងបញ្ជូនសំណុំរឿង ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ ភី សុខ