កូនឈើ​ផ្កា​លំអ ជិត​១​ម៉ឺន​ដើម ត្រូវបាន​ដាំ​អម​ដងផ្លូវ​ទៅកាន់​ស្រុក​សំឡូត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

 

​ដើមឈើ​នៃ​ក្តី​ស្រលាញ់​សន្តិភាព គឺជា​ប្រធានបទ​មួយ ដែល​រដ្ឋបាល​ស្រុក​សំឡូត​បាន​លើកយក​មក​ដាក់​នៅក្នុង ទិវា​ដាំ​កូនឈើ​ចំនួន​១​ម៉ឺន​ដើម ជា​ប្រភេទ​ឈើ​ផ្កា​សម្រាប់​លំអ ដូច​ជា​ដើម​ក្ងោក​និង​ដើម​លឿង​រាជ ដែល​ត្រូវបាន យក​មក​ដាំ​នៅតាម​ដងផ្លូវ​ចាប់​ពី​ស្ពាន​ដងទង់​នៃ​ស្រុក​រតនមណ្ឌល រហូត​ដល់​ច្រកព្រំដែន​តំបន់​៤០០​នៃ​ស្រុក​សំឡូត ដែល​មាន​ចម្ងាយ​៥១​គ​.​ម​។​

​តាម​របាយការណ៍​បច្ចុប្បន្ន​នេះ ទើប​តែ​សម្រេច​ការដាំដុះ​បាន​ចម្ងាយ​តែ​៣២​គ​.​ម​ប៉ុណ្ណោះ​និង​បន្ត​ដាំ​នៅពេល​ខាងមុខ​ទៀត ។​

​អាជ្ញាធរ​បាន​អោយដឹង​ថា ការដាំ​កូនឈើ​លំអរ​១​ម៉ឺន​ដើម​នេះ គឺ​ដើម្បី​ធ្វើការ​កែលំអ​សោភ័ណភាព​ដងផ្លូវ ដែល​ជា​ផ្លូវ​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ដែល​កំពុងតែ​មាន​ការ​ចាប់អារម្មណ៍​ទៅ​លេង​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ស្រុក​សំឡូត ដូចជា ៖ រមណីយដ្ឋាន​ចំការ​ស្វាយ​ឬ​រមណីយដ្ឋាន​ភ្នំ​ចម្បាំង រមណីយដ្ឋាន​ថ្មដារ​ចំការ​ទុរេន​និង​ទឹកធ្លាក់​អូរ​ជាំ​សំឡូត​ជាដើម ដែល​រមណីយដ្ឋាន​ទាំងនោះ​កំពុង​មាន​ការទាក់ទាញ​យ៉ាង​ពេញ​និយម​របស់​ភ្ញៀវទេសចរ ទៅ​លេង​កំសាន្ត​នា​ចុង​សប្តាហ៍​ឬ​ថ្ងៃ​បុណ្យ​ជាតិ​ម្តងៗ ក្នុងការ​លំហែរ​កាយ សប្បាយ​អារម្មណ៍ ពិសេស​ការងួតទឹក​លេងដ៏សែ​ន​ត្រជាក់​កាយា​ថែមទៀត​ផង ក្រៅពី​នោះ​ភ្ញៀវ​ទេសចរ​បាន​ដើរលេង​កំសាន្ត​មើល​ផល្លានុផល​របស់​ប្រជាកសិករ​ដូចជា​ចំការ​ទុរេន​ឬ​ចំការ​សាវម៉ាវ​ជាដើម ។​

​ពិធី​ដាំ​កូនឈើ​ផ្កា​នាពេល​នេះ​មាន​ការចូលរួម​ពី​ឯកឧត្តម អ៊ុក គង់ សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៤ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សំឡូត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​តំណាង​ក្រសួង​បរិស្ថាន ក្រសួង​ការពារជាតិ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​នេះ​ផងដែរ ។​

​ឯកឧត្តម ងួន រតនៈ បាន​បង្ហាញ​ឲ្យដឹងថា សំឡូត​ក្រៅពី​ស្រុក​មាន​សក្កា​នុព​ល​លើ​ការងារ​ដាំ​ដុះ​ដំណាំ​ឈើ​ហូប​ផ្លែ​និង​ដំណាំ​កសិកម្ម ឧស្សាហកម្ម ក​សិ​.​ឧស្សាហកម្ម​នោះ វិស័យ​ទេសចរណ៍ ដែល​ជា​មាស​បៃតង​ដ៏​សំខាន់​របស់​ខេត្ត​បាត់ដំបង ក៏​ដូចជា​ប្រទេសជាតិ​កំពុងតែ​មាន​ការចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដោយសារ តែ​សំឡូត ជា​ស្រុក​ដែល​សំបូរ​ទៅ​ដោយ​រមណីយដ្ឋាន​បែប​ធម្មជាតិ​ជាច្រើន​កន្លែង មាន​នៅ​រាយប៉ាយ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ គួបផ្សំ​ពេលនេះ​ជា​រដូវ​ស្សា​ផង​នោះ រឹតតែ​បង្ហាញ​នូវ​សម្រស់​ធម្មជាតិ​និង​ដំណាំ​ដាំ​ដុះ​ផ្សេងៗ​តាម​ដងផ្លូវ ក៏​ដូចជា​ទឹក​ហូរ​ធ្លាក់​នៅ និង​ដើមឈើ​តូច​ធំ​កាន់តែ​មាន​សម្រស់​ដ៏​ស្រស់​ត្រកាល​និង​ខៀវស្រងាត់​ជា​ការទាក់ទាញ​កំណើន​ទេសចរ​មកលេង​មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ ។​

​ឯកឧត្តម អ៊ុក គង់ បាន​ចាត់ទុកថា ការដាំ​ដើមឈើ​នាពេលនេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការរួម​គ្នា​ទប់ស្កាត់​គ្រោះមហន្តរាយ​នៃ​ការបាត់បង់​សម្បត្តិ​ព្រៃឈើ ព្រោះ​ការបាត់បង់​ព្រៃឈើ​និង​គម្រប​រុក្ខជាតិ​អាច​បណ្ដាលឱ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​កើនឡើង​កម្ដៅ ការរាំងស្ងួត ធ្វើឲ្យ​ថ្លុក ត្រពាំង បឹងបួរ ព្រែក ស្ទឹង ទន្លេ ដែល​ជា​ទី​តម្កល់​ធនធានទឹក​ត្រូវ​ខ្វះ​សម្រាប់​តម្រូវការ​របស់​មនុស្ស សត្វ​និង​រុក្ខជាតិ ជាពិសេស​បង្ក​នូវ​ហានិភ័យ​ដល់​ការរស់នៅ ដូចជា​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ គ្រោះរាំងស្ងួត និង​ទឹកជំនន់​ជាដើម ។​

​ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​និង​អភិរក្ស​ព្រៃឈើ​របស់​យើងទាំងអស់គ្នា ហើយ​ត្រូវ​បន្ត​ចូលរួម​ពង្រឹង​និង​ពង្រីក​សហគមន៍​ព្រៃឈើ​ឲ្យមាន​ភាពរឹងមាំ​ឡើង ពិសេស​ចូលរួម​ដាំ​និង​ការពារ​ព្រៃឈើ​ឲ្យមាន​និរន្តភាព ដើម្បី​ជីវភាព​រស់នៅ​របស់​ខ្លួន​ផង​និង​ធ្វើឲ្យ​ខេត្ត​បាត់ដំបង ក៏​ដូចជា​ស្រុក​សំឡូត ក្លាយទៅជា​តំបន់​បៃតង​គ្រប់​រដូវ​កាល ពិសេស​បាន​ចូល​រួមចំណែក​ដល់​កិច្ចអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា​ជា​មាស​បៃតង​របស់​ជាតិ​ផងដែរ ៕
……………………
​ដោយៈ កែវ សុ​ផុន​