សម្ដេចក្រឡាហោម សខេង ជំរុញឲ្យអាជ្ញាធរ ប្រើប្រាស់សមិទ្ធផល ដែលសាងសង់រួច ប្រើប្រាស់ជាបណ្ដើរបណ្ដើរទៅ កុំចាំ សម្ភោធហើយទើបប្រើប្រាស់នោះ

 

សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅខេត្តបាត់ដំបងយើងនេះ ដោយសារជំងឺកូវិត ១៩ ហើយនៅ សេសសល់ កម្មវិធីសម្ភោធ សមិទ្ធិផលមួយចំនួន ប៉ុន្តែ សូមកុំឲ្យរង់ចាំ ដល់សម្ភោធហើយទើបប្រើប្រាស់ សូមនាំគ្នាប្រើប្រាស់សិនទៅ។ ការថ្លែងបែបនេះរបស់សម្ដេច ក្រឡាហោមសខេង គឺនៅក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១១ ខែតុលាកន្លងទៅនេះ។ សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា នៅឃុំតាគ្រាម ស្រុកបាណន់ ដែលក្រុមការងាររបស់ ឯកឧត្តម សន្តិបណ្ឌិត សុខផល បានសាងសង់ វិទ្យាល័យមួយខ្នង ដូច្នេះបានន័យថា នៅក្នុងស្រុកបាណន់ មានវិទ្យាល័យចំនួន ៣ហើយ។ សម្ដេចបានបន្តទៀតថា ដូចឯកឧត្តមងួនរតនៈ បានលើកឡើង នៅកន្លែង ភីសុីនទឹក១ ទោះបីជា មិនទាន់រួចរាល់ជាស្ថាពរ ក៏ប៉ុន្តែវាជា ឱកាសល្អមួយដែរ សម្រាប់ការបណ្ដុះបណ្ដាល កីឡាករ កីឡាការិនីហែលទឹក ដែលយើងអាចទាក់ទង រកគ្រូពីក្រៅ ដែលមានជំនាញ ហើយយើងក៏ត្រូវ ជ្រើសរើស រកកីឡាករ កីឡាការិនីណា ដែលជាអ្នក មានចំណង់ចំណូលចិត្ត ខាងវិស័យនេះ ឱ្យមកហាត់រៀន សម្រាប់ ត្រៀមប្រកួតប្រជែង លើវិស័យ កីឡាហែលទឹកនេះ ជាមួយអន្តរជាតិផងដែរ៕ អត្ថបទ ម៉ូតវ៉ោយហូរ